ខេត្តព្រះសីហនុ ៖ នារីម្នាក់ជាបុគ្គលិកបម្រើការងារ នៅក្នុងកាស៊ីណូ ហ្គែមអនឡាញ មួយកន្លែង ដែលមានឈ្មោះ «ដឺសេនជូរី» នៅតាមបណ្តោយផ្លូវ៨២៣និងផ្លូវលំ ហៅអូរ២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានថតវីដេអូផ្សាយផ្ទាល់ និងលើកឡើងថា មានមិត្តរួមការងារម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ និងមានបុគ្គលិក៤៣៧នាក់ទៀត បានឆ្លងជំងឺកូវីដ-១៩ ទាំងអស់ ។
បើតាមតាមគណនីហ្វេសប៊ុក Vann Makara https://m.facebook.com/story.php?story_fbid=602565170766697&id=100030396592934 បានអោយដឹងទៀតថា ទោះបីឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ប៉ុន្តែខាងម្ចាស់កាស៊ីណូ មិនបានអនុញ្ញាតឲ្យពួកគាត់(បុគ្គលិក) ទៅព្យាបាលនោះទេ ដោយនិយាយលួងលោម អោយពួកគាត់ធ្វើការ ហើយអោយប្រាក់ឈ្នួលច្រើនជាងមុន បើអ្នកមិនព្រមធ្វើ គឺត្រូវឃុំទុក ដោយអោយថ្នាំលេប ហើយគ្មានគ្រូពេទ្យប្រចាំការ ដើម្បីមើលថែ ពួកគាត់នោះទេ ។
បុគ្គលិកផ្សេងៗទៀត សំណូមពរដក់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ យកពួកគាត់ទៅព្យាបាល នៅមន្ទីរពេទ្យផង ។
ដោយឡែក នៅថ្ងៃទី៣០ កញ្ញានេះ នារីជាបុគ្គលិកម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានទូរសព្ទប្រាប់វិទ្យុក្នុងស្រុកមួយពីខាងក្នុងកាស៊ីណូ អោយដឹងថា ថៅកែកាស៊ីណូ បានបិទខ្ទប់បុគ្គលិកកម្មករ ដែលបម្រើការងារនៅខាងក្នុង ចំនួន៤៣៧នាក់ រយៈពេល១ឆ្នាំ៦ខែហើយ មិនឲ្យចេញមកក្រៅចាប់តាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ ដោយក្រុមហ៊ុនបន្ថែមប្រាក់ឧបត្ថម្ភឲ្យ៣០ភាគរយ ។
នារីជាបុគ្គលិកដដែលនោះ បានអះអាងទៀតថា ថៅកែរបស់ពួកគេ បានដាក់វិធានការគ្រប់គ្រងបុគ្គលិកកម្មករយ៉ាងតឹងរឹង ដោយសារ ខ្លាចឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឲ្យចេញក្រៅកាស៊ីណូទេ ។
បុគ្គលិកនៅក្នុងនោះ ដែលមានកិច្ចសន្យាពីដំបូងជាមួយថៅកែកាស៊ីណូ ថាអ្នកដែលត្រូវវេនសម្រាក(ថ្ងៃឈប់) ឬមានការចាំបាច់នៅឯផ្ទះ ដូចជាឳពុកមា្តយឈឺជាដើម គឺមានការអនុញ្ញាតពីក្រុមហ៊ុនឲ្យចេញក្រៅបាន ប៉ុន្តែក្រុមបុគ្គលិកបានអះអាងថា ខាងកាស៊ីណូ ធ្វើផ្ទុយពីកិច្ចសន្យាទាំងស្រុង ហើយពួកគេបានជាប់នៅក្នុងកាស៊ីណូ ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក ទើបតែពេលនេះ ពួគគេមានការបារម្ភខ្លាំងដោយមនុស្សជាង៤០០នាក់នៅក្នុងកាស៊ីណូនោះ បានឆ្លងជំងឺកូវីដទាំងអស់គ្នា ព្រមទាំងមានអ្នកស្លាប់ម្នាក់ផងដែរ ។
ដោយឡែកអង្គភាពយើងទទួលបានលិខិតរដ្ឋបាលខេត្តព្រះសីហនុ លេខ២០៨/២១សសរ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សេចក្តីសម្រេច ស្តីពី ការដាក់ កាស៊ីណូ ដឺសេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ជាកន្លែងធ្វើចត្តាឡីស័ក ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លង ធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក និង ក្នុងប្រការ៤ ក្នុងដំណាក់កាលព្យាបាល និងដំណាក់កាលធ្វើចត្តាឡីស័កបន្តក្រោយពេលព្យាបាលជាសះស្បើយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក អ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័កទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចដូច ខាងក្រោម៖ ១.អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាលដែលកំណត់ដោយក្រសួងសុខាភិបាល ២.មិនត្រូវចាកចេញពីទីកន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័កដោយគ្មានការអនុញ្ញាតពីមន្ត្រីសុខាភិបាលជាដាច់ខាត ៣.សហការក្នុងការផ្តល់ព័ត៌មានអំពីការប្រែប្រួលសុខភាពប្រចាំថ្ងៃរបស់ខ្លួនដល់មន្ត្រីសុខាភិបាលនិង ៤.ត្រូវបំពេញកាតព្វកិច្ចផ្សេងៗទៀតតាមការតម្រូវរបស់មន្ត្រីសុខាភិបាល និងការកំណត់នៃច្បាប់។
ចំពោះលោកស្រី អាវ គន្ធណាវី អ្នកគ្រប់គ្រងកាស៊ីណូ និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី យើងមិនអាចសុំការបំភ្លឺបានទេអំពីបញ្ហានេះ ដោយមិនស្គាល់លេខទូរស័ព្ទទំនាក់ទំនង ៕
0 Comments