រាជធានីភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានម្ចាស់ម៉ូតូ ប្តឹងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឱ្យឃាត់ខ្លួន បន្ទាប់ពីខ្ចីម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពីអ្នកធ្វើការជាមួយគ្នាម្នាក់ ដោយប្រាប់ថាយកទូស័ព្ទទៅធ្វើ ហើយក៏បានបាត់ខ្លួនមួយយប់ ស្រាប់តែទៅសំងំអោយជាងដោះដូរ ស៊ីគ្រឿង (ដោះអាល្អៗដូរអាអន់ៗវិញ) ហើយក៏ត្រូវបានម្ចាស់តាមរកឃើញបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅកន្លែងជួសជុលម៉ូតូមួយកន្លែង ស្ថិតនៅម្តុំឃ្លាំងរំសេវ តាមបណ្ដោយផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពបន្តថា ជនសង្ស័យដែលស៊ីគ្រឿងម៉ូតូរូបនោះ មានឈ្មោះ នីម ដា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតខេត្តតាកែវ ។
តាមស្រី្តជាម្ចាស់ម៉ូតូបានអោយដឹងថា ខ្លួន និងជនសង្ស័យ ជាមនុស្សដែលស្គាល់គ្នា និងធ្វើការងារជាមួយគ្នា ។
ហើយនៅមុនពេលកើតហេតុ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នោះ ជនសង្ស័យបានខ្ចីម៉ូតូម៉ាកស្តុបពី ពណ៌ស គ្មានស្លាកលេខ ស៊េរី២០១៨ មួយគ្រឿងពីគាត់ដោយប្រាប់ថា ជិះទៅធ្វើទូរស័ព្ទ ប៉ុន្តែគាត់ចាំបាត់ៗហើយទូរស័ព្ទក៏បានបិទទៀត ។
ដោយសារតែបាត់ដំណឹង ធ្វើក៏ធ្វើឱ្យរូបគាត់សង្ស័យថា ជនសង្ស័យបានឆបោកយកម៉ូតូ ហើយគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រាំងធ្នង់ ដើម្បីអោយជួយរកតែម្តង ។
ម្ចាស់ម៉ូតូដដែលបានអោយដឹងទៀតថា បន្ទាប់ពីបាត់ម៉ូតូ១យប់ ខ្លួនមិនអស់ចិត្ត ក៏បានប្រាប់ប្តីហើយនាំគ្នាជិះម៉ូតូដើររកម៉ូតូនៅម្ដុំឃ្លាំងរំសេវ ក៍ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងអោយជាងដោះបំបែកគ្រឿងម៉ូតូទាំងអស់ដើម្បីស៊ីគ្រឿងម៉ូតូ ដោយឃើញដូច្នេះហើយ រូបគាត់ក៏ប្តឹងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ អោយជួយអន្តរាគមន៍ ឃាត់ខ្លួនភ្លាមៗ ។
ក្រោយពេលកើតហេតុ ម៉ូតូខាងលើត្រូវបានម្ចាស់ដើមអោយរៀបចំដាក់គ្រឿងចូលឡើងវិញ ។
ចំណែកជនសង្ស័យក៏ត្រូវបាននគរបាលនាំខ្លួនទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី៣ រួចក៏បញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍ក្រាំងធ្នង់ ដើម្បីចាត់ការតាមច្បាប់ ៕
0 Comments