ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីស្រវឹងស្រាបានប្រើហឹង្សាយកដាវកាប់ទៅលើឪពុកម្ដាយបង្កើតបណ្ដាលឱ្យរងរបួស ករណីនេះបានកើតឡើងនៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុង/ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទេព ឆើត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ រស់នៅភូមិ ទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ ចំណែកឪពុកឈ្មោះ ទេព ឈីន អាយុ៥៣ឆ្នាំ ភេទប្រុស មុខរបរ ជាអនុភូមិ ត្រូវមួយដាវចំក្រោមគុម្ពត្រចៀកខាងឆ្វេង រងរបួស រីឯម្ដាយឈ្មោះ សូ យិន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ របួសត្រូវចំកដៃខាងស្ដាំ ។
សមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា ជនសង្ស័យបានផឹកស្រាស្រវឹងឈ្លោះប្រកែករករឿងប្រពន្ធ ពេលនោះឪពុកម្តាយក៏ចូលទៅហាមឃាត់កុំឲ្យឈ្លោះគ្នា ស្រាប់តែជនសង្ស័យទាញបានដាវយកមកឪពុកម្តាយជាអ្នកមានគុណបានផ្តល់ជីវិតនិងចិញ្ចឹមបីបាច់ថែរក្សារហូតមកពេលនេះ បែជាយកទោសសងគុណអញ្ចឹងហ្មង ។
បច្ចុបប្បន្នសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបញ្ជូន ទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត ៕
0 Comments