ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីត១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញមកសួសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនលោកយាយអាយុចាប់ពី១០០ ឆ្នាំឡើង ដែលបានស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ19 ដល់លោកយាយ វៃ យឿន អាយុ ១០០ ឆ្នាំ រស់នៅភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនេះផងដែរលោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករឭកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិន ប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយឡើយ ហើយសម្តេចមិនទុកបងប្អូនណាម្នាក់ចោលនោះទេ។
លោកជំទាវក៏បានបន្តទៀតថា៖ នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ សម្ដេចបានខិតខំប្រឹងប្រែងស្វះស្វែងរកនូវវ៉ាក់សាំង ដើម្បីចាក់ជួបបងប្អូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទូទាំងប្រទេសធ្វើយ៉ាងណាដើម្បីបង្កើតភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ19នេះ។ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូន្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទាំងអស់គ្នាដោយអនុវត្តនៅវិធានការនានា ជាពិសេសគឺ ៣ កុំ ៣ ការពារទាំងអស់គ្នា ទោះបីបានចាក់វ៉ាក់សាំងក៏ដោយ។
សម្ភារៈផ្តល់ជូននោះមាន ថវិកា ៣ លានរៀល អង្ករ, មី,ទឹកត្រី,ទឹកស៊ីអីវ, ទឹកសុទ្ធ មួយចំនួនផងដែ៕
0 Comments