គេហទំព័រ មួយរៀល

មួយរយគំនិតយកឈ្នះភាពក្រីក្រ ១.(អ្នកក្រតែងតែគិត និងនិយាយពីចំណុចខ្សោយរបស់ខ្លួន​)​!

មួយរយគំនិតយកឈ្នះភាពក្រីក្រ ១.(អ្នកក្រតែងតែគិត និងនិយាយពីចំណុចខ្សោយរបស់ខ្លួន​)​!



ពេលដែលអ្នកក្រប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកមាន តែងតែយកចំណុចខ្សោយរបស់ខ្លួន ទៅប្រៀបធៀបជាមួយនឹងចំណុចពិសេសរបស់អ្នកមាន ដូចជា៖ អ្នកក្រតែងតែគិតថា “ខ្ញុំមិនស្អាតដូចគេ” “ខ្ញុំមិនបានកើតលើគំនរមាសគំនរប្រាក់” ឬ “ខ្ញុំកើតនៅជនបទដាច់ស្រយាល” កាន់តែប្រៀបធៀបកាន់តែបាត់បង់កម្លាំងចិត្ត រហូតដល់មិនចង់ប្រៀបធៀបតទៅទៀត។

តែអ្នកមានគេគិតផ្ទុយពីនេះ ពីព្រោះពេលដែលមានប្រាក់នឹងមានភាពជឿជាក់ និង ព្រមទទួលស្គាល់នូវចំណុចខ្សោយរបស់ខ្លួនឯង។ គេតែងតែគិតថា “ទោះបីចាខ្ញុំមានមុខមានមាត់អាក្រក់ តែខ្ញុំជាមនុស្សសុភាពរាបសាទន់ភ្លន់ និង គួរឱ្យស្រឡាញ់”។

តើឃើញឬទេថា អ្នកមានគេនឹងបង្ហាញពីចំណុចពិសេសរបស់គេចេញមកដោយវិធីដូច្នេះ។

ជាទូទៅ អ្នកក្រព្រមទទួលនូវចំណុចខ្សោយនោះ ដើម្បីរកលេសឱ្យភាពក្រីក្ររបស់ខ្លួន។ ចំណែកអ្នកមានវិញព្រមទទួលនូវចំណុចខ្សោយដែលខ្លួនមាន ដើម្បីបង្ហាញពីថាមពលដ៏អស្ចារ្យដែលនៅខាងក្នុង ហើយពិសោធឱ្យគេឃើញថាអាច “យកឈ្នះចំណុចខ្សោយបាន” រហូតដល់មានដូចសព្វថ្ងៃនេះ។

ដូច្នេះ ការបង្ហាញចំណុចខ្សោយរបស់អ្នកក្រ ត្រូវបានគេវាយសេចក្តីទូទៅថា បង្ហាញមកដើម្បីធ្វើឱ្យអ្នកដទៃយល់ចិត្តយល់ថ្លើម។ ឯចំណែកចំណុចខ្សោយរបស់អ្នកមាន ធ្វើឱ្យគ្រប់យ៉ាងត្រូវគេវាយសេចក្តីទូទៅក្នុងផ្លូវដែលល្អទាំងអស់។

ឧទាហរណ៍ដូចជា បើអ្នកមានគេមមានក្បាលទំពែក មនុស្សទូទៅតែងតែយល់ថា ក្បាលដែលភ្លឺរលោងនោះបានបញ្ចេញរស្មីនៃបញ្ញា ប៉ុន្តែបើអ្នកក្រមានក្បាលទំពែកវិញនោះ គេបែរមើលឃើញថា ខ្វះសារជាតិអាហារ ចាស់មុនអាយុ ឬ រលាកស្បែកក្បាលជាដើម។

ទោះជា អ្នកមាននិងអ្នកក្រ មានចំណុចខ្សោយដូចគ្នាបេះបិទក៏ដោយ តែខ្សែភ្នែករបស់អ្នកដទៃដែលសម្លឹងមកនោះខុសគ្នាស្រឡះ។ អ្នកមានអាចធ្វើឱ្យអ្នកដទៃព្រមទទួលស្គាល់បានសូម្បីតែនៅស្ងៀមៗ ឯអ្នកក្រវិញ បើទោះបីជាខំប្រឹងនិយាយរហូតដល់បែកពពុះមាត់ ក៏បានត្រឹមតែគេមើលងាយប៉ុណ្ណោះ។

ប៉ុន្តែ ការដែលអ្នកមានអួតក្អេងក្អាងនោះ យើងបន្ទោសគេតែម្ខាងក៏មិនបានដែរ នោះដោយសារតែអ្នកក្រមិនជឿជាក់លើខ្លួនឯង មើលស្រាលខ្លួនឯង ទើបធ្វើឱ្យមនុស្សភាគច្រើន ឬ សូម្បីតែខ្លួនឯង ក៏កោតសរសើរពីគំនិតរបស់អ្នកមានដែរ ថែមទាំងជឿទាំងងងឹងងងុលទៅតាមសង្គមទៀតផង៕

ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣

សរសេរដោយលោក អ៊ុក សុវណ្ណដារារាជ្យ ចាងហ្វាងគេហទំព័រ មួយរៀល

ទូរស័ព្ទលេខនិងតេឡេក្រាម៖ ស៊ែលកាត 061 662 269, មិត្តហ្វូន 066 662 269, ស្មាត 010 662 269

Email: muyreal.news@gmail.com

www.muyreal-news.com


 


Post a Comment

0 Comments