គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រដ្ឋបាលខេត្តតាកែវបំភ្លឺរឿងការផ្សាយព័ត៌មានរបស់ទំព័រហ្វេសប៊ុកឈ្មោះ ហង្ស សំណាង Hang Somnang គ្មានមូលដ្ឋានច្បាស់លាស់ (មានវិដេអូ)


សេចក្ដីបំភ្លឺ រដ្ឋបាលខេត្តាកែវ ថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណៈមតិ ជ្រាបថា៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ មានករណីប្រជាពលរដ្ឋម្នាក់ស្លាប់ ក្នុងពេលដែលសមត្ថកិច្ចចុះរុះរើសំណង់ខុសច្បាប់នៅជើងភ្នំដំរីរមៀល។ 


ហើយរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនជាពិសេសទំព័រហ្វេសប៊ុកឈ្មោះ ហង្សសំណាង Hang Somnang បានផ្សាយថា “គួរឱ្យសង្វេកណាស់ ប្រជាពលរដ្ឋម្នាក់ស្លាប់នៅពេលសមត្ថកិច្ច និង លោកអភិបាលរងខេត្តតាកែវចុះរុះរើដីចំការរបស់គាត់ ដែលនាំឱ្យមានការយល់ច្រលំមកលើអាជ្ញាធរមានសមត្ថកិច្ច។ 


ករណីនេះរដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនដូចខាងក្រោម៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំងចម្រុះរបស់រដ្ឋបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និង មានការចូលរួមពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានចុះរុះរើ សំណងខុសច្បាប់នៅជាប់ជើងភ្នំដំរីរមៀល ស្ថិតនៅក្នុងភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជួលប្រភេទគ្រឿងចក្រ ម៉ិចស្កាវាទ័រ ចំនួន ០១គ្រឿង ដោយមានម្ចាស់ឈ្មោះ សំ វីរៈ និងជនរងគ្រោះឈ្មោះ សំ សុខ ជាកម្មករ ដំណើរការនៃការរុះរើសំណង់ខុសច្បាប់ទាំងនេះប្រព្រឹត្តទៅដោយរលូនដោយមានការចូលរួមសហការពីអ្នកកាន់កាប់មួយចំនួនផងដែរ។


បន្ទាប់ពីបញ្ចប់ការរុះរើនៅទីតាំងខាងលើ កម្លាំងចម្រុះបានដកចេញពីទីតាំងខាងលើ ដើម្បីបន្តរុះរើទៅទីតាំងផ្សេង ទៀត ដោយជនរងគ្រោះ និង ម្ចាស់គ្រឿងចក្រចេញទៅតាមក្រោយ។ នៅវេលាម៉ោង១៤៖០០នាទី ក៏ទទួលដំណឹងថាជនរងគ្រោះមានអាការៈវិលមុខ មិនស្រួលខ្លាំងហើយក៏បានស្លាប់បាត់បង់ជីវិតទៅហើយ បើទោះបីជាមានការព្យាយាមជួយសង្គ្រោះពីម្ចាស់គ្រឿងចក្រ និងប្រជាពលរដ្ឋនៅជិតនោះក៏ដោយ។ 


ក្រោយពីទទួលព័ត៌មានភ្លាម អាជ្ញាធរមានសមត្ថកិច្ច និង គ្រូពេទ្យជំនាញ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ធ្វើកោសល្យវិច្ឆ័យពិនិត្យសាកសព ដោយគ្រូពេទ្យជំនាញអះអាងថា ជនរងគ្រោះបានស្លាប់ ដោយជម្ងឺគាំងបេះដូង។ 


ក្រោយមកអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចក៏បានជូនដំណឹងទៅក្រុមគ្រួសារសព និង បានទាក់ទងទៅរថយន្តពេទ្យ ដើម្បីដឹកសាកសពត្រឡប់ទៅគេហដ្ឋានរបស់ជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ 


ប៉ុន្តែដោយសារពីមន្ទីរពេទ្យបង្អែកទៅកន្លែងកើតហេតុមានចម្ងាយឆ្ងាយ ដែលធ្វើឱ្យរថយន្តពេទ្យចំណាយរយៈពេលយូរ ទើបសាច់ញាតិជនរងគ្រោះបានចាត់ចែងដឹកសាកសពតាមម៉ូតូដោយខ្លួនឯងទៅគេហដ្ឋានដើម្បីធ្វើបុណ្យ មុនពេលរថយន្តពេទ្យទៅដល់។


សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សំ សុខ ជាប្រជាពលរដ្ឋស្លូតត្រង់ មានទីលំនៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ហើយពុំមានជាប់ពាក់ព័ន្ធទៅនឹងការកាន់កាប់ឬសាងសង់សំណង់ខុសច្បាប់នៅលើដីរបស់រដ្ឋនោះទេ។


រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គម សូមផ្សព្វផ្សាយព័ត៌មានប្រកប ដោយមូលដ្ឋានច្បាស់លាស់ ជៀសវាងផ្សព្វផ្សាយនូវព័ត៌មានដែលពុំមានប្រភពគ្រប់ជ្រុងជ្រោយ ដែលនាំឱ្យមានការភ័ន្តច្រលំ។ 


សេចក្តីដូចបានបំភ្លឺជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈមតិ ជ្រាបជាព័ត៌មាន៕


#khst #khstmedia 

Journalist & Khmer Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments