Muyreal -News

Muyreal -News
Muyreal -News

សម្ដេចក្រឡាហោម ស ខេង រាជរដ្ឋាភិបាល ត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងជាស្ពានទំនាក់ទំនងទៅកាន់ពលរដ្ឋ


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះសម្ដេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។


សម្ដេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងអភិបាលកិច្ចល្អ។ 


សម្ដេចគូសបញ្ជាក់ថា បន្ថែមលើនេះទៀតរាជរដ្ឋាភិបាលក៏បានបង្កើត និងអនុវត្តគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ពិសេសការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ចឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណ ដើម្បីថែរក្សាឱ្យបាននូវសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឱ្យមានភាពរុងរឿង សម្បូរសប្បាយ។


សម្ដេចក្រឡាហោម បានបញ្ជាក់ជូនអង្គពិធីអំពីសវតា និងបច្ចុប្បន្នភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការនៅកម្ពុជា ដោយសម្ដេចបានបន្តថា ឆ្លងកាត់ដំណាក់កាលជាច្រើនមកទល់បច្ចុប្បន្ន កម្ពុជាបានដើរដល់របត់មួយថ្មី នៃការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិធ្វើឱ្យរាជរដ្ឋាភិបាលទទួលបាននូវសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រ តាមរយៈការធ្វើប្រតិភូកម្មអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ 


សម្ដេចក្រឡាហោម ដែលជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏បានគូសបញ្ជាក់ដែរថា កំណែទម្រង់នេះ គឺមានគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក៏ដូចជាជំរុញឱ្យប្រជាពលរដ្ឋចូលរួមធ្វើការអភិវឌ្ឍ មូលដ្ឋានដែលខ្លួនរស់នៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព គណនេយ្យភាពជាមួយរដ្ឋបាលមូលដ្ឋានរបស់ខ្លួន។


មានប្រសាសន៍ដល់វិស័យព័ត៌មាន សម្ដេចក្រឡាហោម បន្តថា វិស័យនេះត្រូវបានចាត់ទុកជាវិស័យមួយយ៉ាងសំខាន់សម្រាប់ជួយលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយបរិយាបន្ន ក្នុងការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងថាព័ត៌មាន គឺជាមធ្យោបាយសម្រាប់ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយដែលរដ្ឋបានដាក់ចេញ ឬសេវាសាធារណៈនានាដែលរដ្ឋត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។ 


សម្ដេចបន្តថា «ព័ត៌មាន» ជាមធ្យោបាយផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានា ដែលរាជរដ្ឋាភិបាលបានកសាងជូនជាតិ មាតុភូមិហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ត្រូវការព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋវិញផងដែរ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមការលំបាកក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីទុកជាមូលដ្ឋាន ក្នុងរៀបចំគោលនយោបាយ ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ។


សម្ដេចក៏បានបង្ហាញការសង្កេតឃើញថា កន្លងមកនេះ មានតំណាងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ក៏ដូចជា ថ្នាក់ក្រោមជាតិបានខិតខំផ្សព្វផ្សាយព័ត៌មានទាំងក្នុងក្របខណ្ឌរបស់អង្គភាពខ្លួន និង តាមវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដើម្បីបញ្ជ្រាបសមិទ្ធផល និងស្នាដៃរបស់អង្គភាព និងស្ថាប័នរបស់ខ្លួនជូនចំពោះប្រជាពលរដ្ឋ ហើយសម្ដេចបានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ទៅតាមយុទ្ធសាស្ត្រនយោបាយព័ត៌មាននេះ។


សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានចូលរួមផ្ដល់នូវអនុសាសន៍ឱ្យអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ និងជិតស្និតជាមួយនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិតស្និត ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្ន។


ជាមួយគ្នានេះ សម្ដេចក៏ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយ តាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានានូវរាល់សមិទ្ធផលជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


#khst #khstmedia 

Journalist & Khmer Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments