Muyreal -News

Muyreal -News
Muyreal -News

ហ៊ានផ្គើនខ្លាំងមែន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបើកលេងវិញហើយ មិនញញើតបទបញ្ជាសម្តេចតេជោសោះ


(ភ្នំពេញ) ផ្ទះ២ល្វែងជាប់ហាងកាហ្វេ ជាទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញដែលបានផ្អាកមួយដង្ហើមចង្រិត 


ឥលូវនេះបានបើកដំណើរការឡើងវិញហើយ ហាក់បីដូចផ្គើននឹងបញ្ជាបទបញ្ជាសម្តេចតេជោ ហ៊ុន សែន និង ផ្គើនបទបញ្ជាស្មារតីអង្គប្រជុំ របស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ទីតាំងនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ទល់មុខហ្ការ៉ាស់សាំង PTT 


ទីតាំងខាងលើមួយនេះប្រៀបបានដូចជា ជំរកសម្រាប់ក្រុមញៀនល្បែងរីឯអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចពាក់ព័ន្ធហាក់ដូចជាសម្ងំស្ងៀមគ្មានវិធានការបង្ក្រាប 


ប្រភពបានឱ្យដឹងថា ទីតាំងនេះសំបូរទៅដោយក្រុមញៀនល្បែង និងក្រុមក្មេងស្ទាវ ចេញចូលហូរហែ មិនថាយប់ឬក៏ថ្ងៃនោះទេហើយពេលខ្លះមានការឈ្លោះប្រកែកគ្នា ស្រែកឡូឡា បង្កជាសម្លេងទៀតផង ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការភ័យខ្លាច  


ដូចនេះប្រជាពលរដ្ឋនិងមហាជនសង្ឃឹមថា លោក កៀង ល័ក្ស អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងលោក យិន សានអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន មានវិធានការចុះបង្ក្រាប ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់នេះ ដើម្បីចូលរួមចំណែកក្នុងសង្គម ទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន និង ចូលរួមចំណែកបញ្ចៀសអំពើ ចោរកម្មផ្សេងៗ ដូចជា លួច ឆក់ប្លន់ គាស់ផ្ទះ និងអំពើហឹង្សារក្នុងគ្រួសារផងដែរ 


ពាក់ព័ន្ធទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញនេះ បានបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋ តើលោក កៀងល័ក្ស និង លោក យិន សាន ត្រូវបង្ក្រាប  ទុក បណ្តែតបណ្តោយឱ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត ដោយមិនអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិតមែនទេ


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសម្លេងលើបណ្តាញសង្គម បានចេញបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ភូមិ ស្នងការប៉ូលីសរាជធានី ខេត្ត អធិការប៉ូលីសស្រុក ខណ្ឌនិងមេប៉ុស្តិនៅតាម ភូមិឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមតូប ហាងគុយទាវ ហាងកាហ្វេផ្សេងៗ និង ល្បែងនៅតាមមូលដ្ឋានឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន សម្តេចថ្លែងថា ខ្ញុំមិនស្ទាក់ស្ទើរ ជាមួយនឹងការដកចេញពីមុខតំណែងនៅអភិបាលខេត្ត រាជធានី ស្រុក ខណ្ឌ ក្រុង  មន្ត្រីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថាមិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួន 


ក្នុងពិធីជំនួបអាហារសាមគ្គីនៅសាលពិព័ណ៌កោះពេជ្រ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ សំខាន់ ០៨ ចំណុច ជូនអ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ ត្រង់ចំណុចទី២-ស្ថាប័នព័ត៌មានរដ្ឋ និងឯកជន ត្រូវចូលរួមថែរក្សាសន្ដិភាពស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈភូមិ-ឃុំ មានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឲ្យអាជ្ញាធរ និងស្ថាប័ន មានសមត្ថកិច្ច ទប់ស្ដាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ក្មេងទំនើងចោរប្លន់ ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គមកម្ពុជាមួយ ឲ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងរក្សាកិត្ដិយស សេចក្ដីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា លើឆាកអន្ដរជាតិ 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚

Post a Comment

0 Comments