គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សភ្លើងទៀន និងសកម្មជន៣៨នាក់ នៅខណ្ឌច្បារអំពៅ នាំគ្នាកាត់ស្លាកគណបក្សចោល និងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា



(ភ្នំពេញ) បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន និងសកម្មជនសរុបចំនួន៣៨នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននាំគ្នាប្រកាសកាត់ស្លាក ដោះសម្លៀកបំពាក់គណបក្សរបស់ខ្លួនបោះចោល និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២២នេះ ក្រោយពួកគេអស់ជំនឿលើគណបក្សនយោបាយមួយនេះ។


បន្ទាប់ពីកាត់ស្លាក និងដោះសម្លៀកបំពាក់ដែលមានរូបសញ្ញាគណបក្សភ្លើងទៀនហើយនោះ ពួកគាត់ទាំង៣៨នាក់ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឲ្យការបម្រើជាតិ និងប្រជាជន។


ពួកគាត់សុទ្ធបានបញ្ជាក់ដូចៗគ្នា ការសម្រេចចិត្តចាកចេញ ហើយសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដោយសារអស់ជំនឿ និងបាត់បង់ទំនុកចិត្តលើគណបក្សភ្លើងទៀន ហើយគិតថា មិនមានគណបក្សនយោបាយណាល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។


គួរជម្រាបថា សមាជិកគណបក្សភ្លើងទៀន ទាំង៣៨នាក់នេះ មាននៅសង្កាត់ច្បារអំពៅទី២ និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅក្នុងនោះមានទាំងបេក្ខជនឈរឈ្មោះលេខរៀងទី១ និងសកម្មជនផងដែរ។


សូមរំលឹកថា នេះមិនមែនជាលើកទី១នោះទេ ដែលបេក្ខជនឈរឈ្មោះ និងសកម្មជនរបស់គណបក្សភ្លើងទៀន បានចាកចេញពីបក្សនេះ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ពោលអតីតសមាជិកបក្សនេះជារឿយៗ បាននិងកំពុងតែបន្ដចាកចេញ ហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បើទោះបីយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត កំពុងតែដំណើរការយ៉ាងណាក្ដី៕

Post a Comment

0 Comments