បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា "ផ្សារទំនើបស៊ីធីម៉ល ដ៏ល្បីល្បាញក្នុងក្រុងភ្នំពេញ ដែលមានទីតាំង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កំពុងលួចលាក់បង្កប់បទល្មើស ល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) យ៉ាងគឃ្លើន ដោយមិនទាន់អាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការបង្រ្កាបឡើយ" ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានផ្តល់ព័ត៌មានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យករណីនេះ។
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយគណ:បញ្ជាការឯកភាពសង្កាត់វាលវង់ ដឹកនាំដោយលោក ឈួន ឆាត ចៅសង្កាត់វាលវង់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងខាងលើ ជាលទ្ធផលឃើញថាជាប្រភេទហ្ដេមដាក់កាក់ និងហ្គេមកុំព្យុទ័រ មិនមានលេងល្បែងស៊ីសងដូចការចុះផ្សាយរបស់សាព័ត៌មានមួយចំនួននោះទេ។
បន្ទាប់ពីការចុះដល់ទីតាំង ដេីម្បីធ្វេីការត្រួតពិនិត្យរួច កម្លាំងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង មិនឲ្យមានបើកលេងល្បែងស៊ីសងក្នុងទីតាំងនេះ បើសិនក្នុងករណីម្ចាស់ទីតាំងមិនគោរពតាមកិច្ចសន្យា កម្លាំងនិងធ្វើការបង្រ្កាប និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
0 Comments