គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អាជ្ញាធររាជធានី ទុករយៈពេល១សប្តាហ៍អោយ អាជ្ញាធរខណ្ឌទួលគោករៀបចំសណ្តាប់ធ្នាប់សាធារណៈនៅមហាវិថីម៉ៅសេទុង



ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោករៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ដោយ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលអោយអនុវត្តការងារនេះឲ្យបានជោគជ័យ ក្នុងរយៈពេលមួយសប្តាហ៍ដោយអនុវត្តចាប់ពីយប់ថ្ងៃ០៤ មិនានេះតទៅ។


កាលណែនាំពីអាជ្ញាធររាជធានីភ្នំពេញបែបនេះ 

បានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយនារសៀលថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០២២ នេះនៅសាលាខណ្ឌគោកក្រោមវត្តមានឯកឧត្តម មានចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោកនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានចាត់ឲ្យលោកមកបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយនឹងអាជ្ញាធរខណ្ឌទួលគោក ដើម្បីមានវិធានការទៅលើការរៀបចំសណ្ដាប់ធ្នាប់លើបណ្ដោយមហាវិថីម៉ៅសេទុង ដោយចាប់ពីមហោស្រប ចេនឡារហូតដល់សាលាសន្ធរម៉ុក ខណៈដែរតាមបណ្តោយផ្លូវនេះ នៅតែមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភ យកចិញ្ចឹមផ្លូវ ទ្រូងផ្លូវធ្វើការលក់ដូររាល់ថ្ងៃ។ 

   

ពាក់ព័ន្ធនឹងបញ្ហាស្មុគស្មាញនេះ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឲ្យមួយសប្តាហ៍ ដើម្បីឲ្យអភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំង ក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយនេះ និងនៅតាមផ្លូវមួយចំនួន ជុំវិញផ្សារដើមគរ ផ្សារនាគមាស សំខាន់ធ្វើយ៉ាងណាឲ្យតាមដងផ្លូវនានា មានសណ្ដាប់ធ្នាប់និងមានសោភ័ណភាពល្អប្រសើរឡើងវិញ។


លោកអភិបាលរង បានបញ្ជាក់ថា កាលពីមុន

យើងប្រើពាក្យវែកចក តែពេលនេះមិនមែនវែកចកទេ គឺយើងអង្គុយបក់ ផ្សែង  ដូច្នេះយើងមិនអាចអង្គុយបក់ផ្សែងទៅទៀតទេយើងត្រូវតែមានវិធានការម៉ឹងម៉ាត់ និងទន់ភ្លន់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវនេះឲ្យបានល្អប្រសើរ។


លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា កិច្ចការងារនេះគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបែងចែក ក្រុមការងារជា២ក្រុម ដោយក្រុមទី១ ចាប់ផ្ដើមអនុវត្តពី ម៉ោង០៩យប់រហូតដល់ម៉ោង២ទៀបភ្លឺ និងមួយក្រុមទៀត ចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង០២ទៀបភ្លឺ រហូតដល់ម៉ោង០៧ព្រឹក  


ការងារនេះយើងនឹងធ្វើឲ្យដូចភ្លៀងរលឹម ដោយចាប់អនុវត្តពីយប់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២នេះតទៅ៕

Post a Comment

0 Comments