បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីចេញសែកស្អុយជាង២០ម៉ឺនដុល្លារ



(ភ្នំពេញ) កម្លាំងនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនស្ត្រីម្នាក់នៅកាន់តុលាការ ពាក់ព័ន្ធសំណុំរឿង (ចេញសែកគ្មានសាចប្រាក់)


យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ ជា លាងទី អាយុ៥២ឆ្នាំ ស្នាក់ផ្ទះលេខ៦១៣ ផ្លូវជាតិ១ ភូមិដើមស្លែងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ម្សិលមិញ។


ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡាយ គឹមហុង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ២០៣អឺសេរ៉ូ ផ្លូវ១០៧ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។


ជនរងគ្រោះបានបញ្ជាក់ថា កាលពីដើមឆ្នាំ២០២១ ជនសង្ស័យបានចេញសែកគ្មានសាច់ប្រាក់ចំនួន២សន្លឹកឱ្យទៅខ្លួន ក្នុងទំហំទឹកប្រាក់ជាង២០ម៉ឺនដុល្លារ។


ដោយសារខ្លួនជាជនរងគ្រោះ ក៏បានព្យាយាមសម្របសម្រួល និងទាក់ទងជនសង្ស័យឱ្យសងប្រាក់ខ្លួនតាមសន្តិវិធី ប៉ុន្តែជនសង្ស័យមិនព្រមសោះ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងជនសង្ស័យទៅកាន់ស្ថាប័ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យជួយរកយុត្តិធម៌តែម្ដងទៅ៕

Post a Comment

0 Comments