ចាំដល់ថ្នាក់លើស្រែកទើបនាំគ្នាផ្អើលរត់ចាត់វិធានការ បើមិនបានជួយរាស្ត្រកុំនាំផលលំបាកដល់គាត់



សកម្មភាពដឹកខ្សាច់ចេញពីកន្លែងស្តុកទុកនៅលើដីរបស់លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងតែធ្វើសកម្មភាពឱ្យប្រជាពលរដ្ឋមានផលលំបាកនិងខកចិត្តជាខ្លាំងចំពោះអាជ្ញាធរស្រុកខ្សាច់កណ្ដាល ដែលមិនមានវិធាន ការទាន់ពេលវេលាសម្រាប់ពួកគាត់ក្នុងការធ្វើចរាចរណ៍លើផ្លូវសាធារណៈមួយនេះ 


សូមបញ្ជាក់ថាទីតាំងខាងលើក៏ធ្លាប់បានអ្នកសារព័ត៌មានបានធ្វើការថតនិងផ្តិតយករូបភាពវីដេអូរាយការណ៍ជូនអាជ្ញាធរដែលមានលោក ហួត ហាក់ មន្ត្រីការិយាល័យរ៉ែនិងថាមពលស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលផងដែរ តែបានត្រឹមតែឆ្លើយនៅក្នុងប្រព័ន្ធតេឡេក្រាមតែប៉ុណ្ណោះ តែមិនមានវិធានការជាក់ស្តែងក្នុងការចុះមកទីតាំងផ្ទាល់នោះទេ 


ប្រជាពលរដ្ឋក៏សម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះអស់លោកដែលជាមន្ត្រីជំនាញនៅក្នុងស្រុកខ្សាច់កណ្ដាលហេតុអ្វីបានជាបណ្ដែតបណ្តោយឲ្យឈ្មួញធ្វើអាជីវកម្មទាំងគគ្លើនបែបនេះ ហាក់ដូចជាផ្លូវនេះជាផ្លូវឯកជនសម្រាប់ពួកគេយ៉ាងដូច្នេះ 


បើយើងក្រឡេកទៅមើលភាពជាក់ស្ដែងលើទីតាំងមួយនេះយើងឃើញថាអេស្កាវាទ័រកំពុងតែមមាញឹកក្នុងការកាយខ្សាច់ដែលបូមចេញពីសាឡង់ដឹកខ្សាច់ក្នុងទន្លេយកមកស្តុកទុកលើដីរបស់លោក គុណ ញឹម រួចកាយបន្តដាក់ទៅលើរថយន្តកង់ដឹកបន្តកន្ទុយគ្នាដូចហែរកឋិនវិលជុំមិនដាច់ហើយនិយាយពីស្ថានភាពផ្លូវវិញមិនបាច់និយាយទេ បែកភក់ឡើងវ៉ល់ ដូចស្រែវស្សាអញ្ជឹង 


ជុំវិញករណីនេះបើសិនជាមិនមានការត្រូវគ្នារវាងឈ្មួញ ជាមួយនឹងអាជ្ញាធរនោះទេក៏មិនអាចមានអាជីវកម្មបែបនេះកើតឡើងនោះដែរ ដែលធ្វើឱ្យមានការប៉ះពាល់ជាច្រើនតាមបណ្ដោយផ្លូវសាធារណៈ ក៏ដូចជាច្រាំងទន្លេ តើនេះឬជាទំនួលខុសត្រូវរបស់អាជ្ញាធរ


ចំពោះការឆ្លើយតបរបស់មន្ត្រីជំនាញនិងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់ កណ្ដាលគឺគ្រាន់តែការឆ្លើយឲ្យរួចតែពីមាត់ដើម្បីដោះសារម្តងម្កាលតែប៉ុណ្ណោះតែជាក់ស្ដែងលោកមិនបានចុះមកពិនិត្យនិងមានវិធានការនោះទេ ជាហេតុធ្វើឲ្យពួកឈ្មួញបានចិត្តនឹងធ្វើនូវទង្វើដែលមិនគិតពីផលប៉ះពាល់ដល់ផ្លូវសាធារណៈ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ។


រឿងដែលកើតឡើងដែលជាប្រធានបទក្តៅគគុកនាពេលថ្មីៗនេះ នៅពេលដែលអ្នកសារព័ត៌មានដែលចុះផ្តិតយករូបភាព និងវីដេអូដើម្បីរាយការណ៍ជាព័ត៌មានទៅអាជ្ញាធរអំពីទីតាំងខាងលើ ក៏ត្រូវបានបុគ្គលឈ្មោះ ថន ដែលគេស្គាល់ថាជាកូនចៅរបស់លោកគុណ ញឹម បានជេរប្រមាថកាតទាន លាបពណ៌មកលើអ្នកសារព័ត៌មានផងដែរ 


ជុំវិញករណីនេះប្រជាពលរដ្ឋក៏ដូចជាមហាជននឹងរង់ចាំមើលថាតើអាជ្ញាធរនៅក្នុងស្រុកខ្សាច់កណ្ដាលអាចមានសមត្ថភាពក្នុងការមានវិធានការចំពោះទីតាំងបូមស្តុកនិងដឹកជញ្ជូនខ្សាច់ខាងលើបានដែរឬយ៉ាងណា 

Post a Comment

0 Comments