ខេត្តបាត់ដំបង៖ ក្មេងប្រុសឈ្មោះ រស់ ភារ អាយុ ១៦ ឆ្នាំម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ពេលកំពុងជិះម៉ូតូកាត់ភ្លៀង ត្រឡប់ពីភ្ជួរស្រែមកផ្ទះវិញនៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ។
លោក វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានឱ្យដឹងនៅថ្ងៃទី២២ មីនាថា៖ «ករណីនេះក្រោយហេតុការណ៍ភ្លាមៗ សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ។ គាត់ពិតជាស្លាប់ដោយសាររន្ទះបាញ់មែន»។ លោកបានរំឭកតាមសម្តីសាក្សីថា កាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ យុវជនម្នាក់ឈ្មោះ ថុន ចាន់ណេត ភេទប្រុស អាយុប២១ឆ្នាំបានទៅភ្ជួរស្រែ។ពេលនោះ គ្រឿងចក្ររបស់គេអស់ប្រេងម៉ាស៊ូតហើយបានទូរស័ព្ទហៅក្មេងរងគ្រោះ ឱ្យដឹកប្រេងម៉ាស៊ូតយកទៅឱ្យ។
បន្ទាប់មកដល់ម៉ោងជាង ១ រសៀលថ្ងៃដដែលក្មេងរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ តាមផ្លូវលំ ក្នុងភូមិដំណាក់សាលា ឃុំតាក្រីស្រុកកំរៀង ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង រីឯឈ្មោះ ថុន ចាន់ណេត បានជិះម៉ូតូតាមក្រោយ។
ពេលនោះ ឈ្មោះ ថុន ចាន់ណេត កំពុងជិះម៉ូតូស្រាប់តែឮសូរសំឡេងរន្ទះបាញ់ ហើយរូបគេបានបន្តដំណើរមកតាមពីក្រោយក្មេងរងគ្រោះ ក៏បានឃើញក្មេងរងគ្រោះដេកផ្កាប់មុខលើដី។ គ្រានោះ ចាន់ណេត បានចុះទៅលើកក្មេងរងគ្រោះក៏ដឹងថា ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ហើយក៏ផ្តល់ព័ត៌មានមកម្តាយឪពុកក្មេង និងជូនដំណឹងដល់នគរបាល-ប៉ុស្តិ៍ឃុំតាក្រី។
លោកបន្តទៀតថា ក្រោយពីនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានមក ក៏រាយការណ៍បន្តមកលោក ហើយលោកបានចាត់កម្លាំងចុះទៅដល់ទីតាំងកើតហេតុភ្លាមៗនោះដែរ។ តាមការពិនិត្យកោសល្យវិច័យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យបានបង្ហាញថា នៅត្រង់ត្រចៀកផ្នែកខាងស្តាំរបស់ក្មេងរងគ្រោះ មានហូរឈាមចេញពីរន្ធត្រចៀក ហើយនៅលើក្បាលផ្នែកខាងស្តាំមានឆេះសក់រួញចូលគ្នាដែលជាលទ្ធផលគឺក្មេងរងគ្រោះត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុរួចរាល់ បានប្រគល់សាកសពជនរងគ្រោះដល់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
0 Comments