នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២នេះ នៅវេលាម៉ោង ៩ព្រឹកលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំង ចុះកាយសំរាមដែលកកស្ទះតាមប្រឡាយ ចាប់ពីចំណុចស្ពានអាកាសស្ទឹងមានជ័យ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យ ទី២ រហូតដល់ ព្រំប្រទល់សង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយមានការចូលរួមសហការពីមន្ត្រីជំនាញមន្ទីរសាធារណការ រាជធានីភ្នំពេញ ក្នុងនោះប្រើ រថយន្តកាយសំរាម (អាអ៉ិច ០១គ្រឿង) និង រថយន្តដឹកសំរាម ចំនួន ០៣ គ្រឿង ដែលបានដឹកសំរាមចេញ ចំនួន ៥ជើង ក្នុងមួយឡាន សរុបទាំងអស់ ១៥ជើង ដោយសំរាកផ្អាកកាយ ស្អែកបន្តកាយសំរាមចេញពីប្រឡាយនៅពេលព្រឹកបន្តទៀត ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យបងប្អូនប្រជាប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលរស់នៅជុំវិញប្រឡាយ សូមកុំចោលសំរាម ឬសំណល់រឹង ចូលក្នុងប្រឡាយពាសវាលពាសកាល វាអាចបណ្តាលអោយមានការកកស្ទះសំរាម និង បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវវិចខ្ចប់ប្រភេទសំរាម និងដាក់ធុងសំរាម អោយបានត្រឹមត្រូវ។
ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ទីក្រុងស្អាត មូលដ្ឋានស្អាត ប្រទេសមានបរិស្ថានល្អ គឺផ្តើមចេញពីយើងផ្ទាល់ ៕
0 Comments