រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះលក់ក្រដាសសែនចិន មួយកន្លែង ក្នុងនោះបំផ្លាញសម្ភារៈអស់ទាំងស្រុង និងរថយន្ត២គ្រឿង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦៖៥០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចបុរី ជីបម៉ុងលែនម៉ាត ២៧១ ផ្លូវខមមើលស ផ្ទះលេខ៣២៣ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះលក់ក្រដាសសែន ភ្លាមៗនោះ លោកក៏បានបញ្ជាទៅកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។
ដោយនៅក្នុងរង្វង់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះនេះ គឺកម្លាំងជំនាញរបស់យើង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ ២២ឡាន ស្មើរនឹង ៨៨ម៉ែត្រគូប, រថយន្តជំនួយមកពី ក្រសួងមហាផ្ទៃ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប, រថយន្តទីក្រុង កោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡានស្មើរនឹង ១២ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ស្រាបៀលកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូបទើបរលត់ទាំងស្រុង។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ និងបណ្តាលឆេះខូចខាតសម្ភារៈរួមមាន រថយន្ត ២គ្រឿង (ម៉ាកតូយូតា តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AE-7439 ម៉ាកតូយ៉ូតា កូរ៉ូឡាពាក់ស្លាកលេខ ភ្នំពេញ 2AB-9363, សម្ភារៈសម្រាប់លក់ដូរអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការនេះ គឺសមត្ថកិច្ចជំនាញរបស់យើង បានធ្វើការគ្រងគ្រងបាននៅវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃដដែរ។ សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះនោះឡើយ។ ចំពោះមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើងនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕
0 Comments