Muyreal -News

Muyreal -News
Muyreal -News

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពាន នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤



នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពាន នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។ 


សកម្មភាពចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពានសំខាន់ៗចំនួន០៥ទីតាំង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ៖

-អូរប្រឡាយអូរពីរ នៅមុខសាលាក្រុងព្រះសីហនុ 

-ការដ្ឋានស្ពានលូអូរមួយ

-អូរប្រឡាយ និងស្ពាន L.V 

-អូរប្រឡាយ និងស្ពានអង្គការម្លប់តាប៉ាង 

-អូរប្រឡាយ និងស្ពានអូរស្តេចមឹក។ 


ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ទីតាំងខាងលើ គឺតែងរងនូវបញ្ហាប្រឈមដោយការជន់លិចនៅរដូវវស្សានាពេលកន្លងមក ដូច្នេះហើយទើបរដ្ឋបាលខេត្តបានប្រើប្រាស់កញ្ចប់ថវិកាជាតិឆ្នាំ២០២១ ដើម្បីរៀបចំស្ថាបនា និងស្តារទីតាំងទាំងនោះឱ្យបានធំទូលាយទៅតាមនិយាមកា ដើម្បីឱ្យលំហូរទឹកបានលឿនកាត់បន្ថយការជន់លិចរយៈពេលវែងនៅពេលមានភ្លៀងធំម្តងៗ។ 


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញដល់ក្រុមការងារត្រូវពន្លឿនការងារស្ថាបនាការដ្ឋានសាងសង់ឱ្យបានលឿនមុនពេលរដូវវស្សាចូលមកដល់ និងបានណែនាំមន្ត្រីជំនាញធ្វើការបំពាក់អំពូលភ្លើងសាធារណៈនៅតាមស្ពាន និងផ្លូវប្របអូរប្រឡាយដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរនៅពេលយប់ផងដែរ។ 


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កុំបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយដែលបង្កឱ្យមានការកកស្ទះ បណ្ដាលឱ្យមានការជន់លិចលំនៅឋាន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវនានាក្នុងក្រុងព្រះសីហនុរបស់យើង៕

Post a Comment

0 Comments