ភ្នំពេញ ៖ ស្ត្រីម្នាក់ បានសម្រេចចិត្តលោតពីលើអាគារខុនដូមួយកន្លែង ពីជាន់ទី៨ ចុះមកក្រោម បណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ នាវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ នៅភូមិចំរើនផល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នពេញ។
ស្ត្រីរងគ្រោះ មានឈ្មោះ អៀម រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិតានី ឃុំអង្គរជ័យ ខេត្តកំពត។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកើតហេតុ នាវេលាម៉ោង០៥ជាងទាបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២២ស្ត្រីរងគ្រោះ បានទៅលេងមិត្តភក្តិនៅបន្ទប់លេខ៨០២ នៅជាន់ទី៨ ពេលនោះ ក៏បានខលទៅមិត្តភក្តិជាច្រើនលើកច្រើនសារ តែមិត្តភក្តិមិនទទួលទូរស័ព្ទ ដោយសារកំពុងគេងលង់លក់ក្នុងដំណេក។ បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទមិត្តភក្តិមិនលើកហើយនោះស្ត្រីរងគ្រោះ បានដើរចូលក្នុងបន្ទប់ដាក់អ៉ីវ៉ាន់ក្បែរនោះ ក៏ស្រាប់តែសម្រេចចិត្ត បើកបង្អួចលោតពីលើអាគារខុនដូ ពីជាន់ទី៨ ធ្លាក់ចុះមកក្រោម បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងថ្លុកឈាម ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្តង។
ស្ត្រីជាមិត្តភក្តិជនរងគ្រោះ បានរៀបរាប់ឱ្យដឹងថា ស្រ្តីជនរងគ្រោះ គឺឧស្សាហ៍ពិបាកចិត្ត ជាញឹកញ៉ាប់ណាស់ និងចេះតែមានបញ្ហាផ្ទាល់ខ្លួន ជាបន្តបន្ទាប់ផងដែរ។ ហើយនៅវេលាកើតហេតុ បើរូបគាត់ដឹងថា ស្ត្រីរងគ្រោះ ជាមិត្តភក្តិមកលេងបន្ទប់ រូបគាត់ ក៏បើកទ្វារទទួលផងដែរ ប៉ុន្តែមិនបានដឹងសោះ ព្រោះរូបគាត់ បានបិទសម្លេងទូរស័ព្ទដៃ សម្រាកបាត់ទៅហើយ លុះព្រឹកឡើង ទើបប៉ូលិសហៅសួរនាំ អំពីការស្លាប់របស់មិត្តភក្តិ ទើបដឹងរឿងហេតុ ដែលបានកើតឡើង។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យពិនិត្យលើសាកសព និងសាកសួរនាំព័ត៌មានបន្ថែម។
សមត្ថកិច្ចថា បន្ទាប់ពីធ្វើកោសល្យវិច្ច័យពិនិត្យលើសព និងសាកសួរនាំព័ត៌មានល្អិតល្អន់រួចមក ករណីនេះ គឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពុំមែនជាករណីឃាតកម្មនោះឡើយ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច ដឹកតាមរថយន្តសាមុយយកទៅតម្កល់ទុកបណ្តោះអាសន្ន នៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំស្វែងរកសាច់ញាត្តិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
0 Comments