បន្ទាប់ពីទទួលព័ត៌មានពីបុរសរត់កង់បីម្នាក់រាយការណ៍ករណីរើសបានក្មេងស្រីម្នាក់ ដែលវង្វេងគ្រួសារ ក្រុមការងារប្រចាំបញ្ជា ១១៧នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទំនាក់ទំនងទៅសមត្ថកិច្ចខេត្តព្រះសីហនុ ដោយកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក្មេងស្រីត្រូវបានរកឃើញ និងប្រគល់ជូនក្រុមគ្រួសារវិញ
រាជធានីភ្នំពេញ ៖ ក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង១០និង០៣នាទី ថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២នេះ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ១១៧ ពីឈ្មោះ ទេន សារ៉ាត ភេទប្រុសមុខរបររត់កង់បី ថាខ្លួនបានរើសបានក្មេងស្រី ០១នាក់ ស្ថិតនៅភូមិអូរ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយទទួលព័ត៌មានពីបុរសខាងលើរួចមក ក្រុមការងារប្រចាំបញ្ជា (១១៧) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រីកែវ ចាន់ថន នៅវេលាម៉ោង១០និង០៦នាទី បានបញ្ជូនព័ត៌មាននេះទៅលោកស្នងការរង ហួត ស្រី ដើម្បីទទួលក្មេងយមមកទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៤។
បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៤ លោកនាយប៉ុស្តិ៍ សំ ប្រាក់ បានរក្សាទុកក្មេងនៅនឹងប៉ុស្តិ៍ និងបានធ្វើការទំនាកទំនងតាមបណ្តាភូមិក្នុងសង្កាត់៤ ដើម្បីស្វែងរកក្រុមគ្រួសារ។ ដោយកិច្ចខិតខំប្រឹកប្រែងស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ច នៅវេលាម៉ោង១១និង២០នាទី សមត្ថកិច្ចបានរកឃើញអាណាព្យាបាលក្មេង ដែលមានអាស័យដ្ឋានស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានប្រគល់ក្មេងស្រីជូនអាណាព្យាបាលយកទៅគេហដ្ឋានវិញ។
ដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលនៅគ្រប់កាលៈទេសៈ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) ១១៧ (ដោយឥតគិតថ្លៃ) យើងខ្ញុំនឹងរក្សាការសម្ងាត់ និងធានាសុវត្ថិភាពជូន និងពិនិត្យលទ្ធភាពដើម្បីអន្តរាគមន៍ដោះស្រាយជូនទាន់ពេលវេលា៕
0 Comments