ភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿងរបស់មន្ទីរសម្រាកព្យាបាលនិងសម្ភពឯកជន២ផ្សេងគ្នាបានបុកគ្នាពេញទំហឹង ហើយក្រោយមកបែជាផ្ទុះជាហិង្សាវាយតប់គ្នាបន្តិចបន្តួចផងដែរ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤:៤០នាទីល្ងាចថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ មុខក្លោងទ្វាវត្តទឹកថ្លា ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថាដំបូងឡើយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាកព្យាបាល ម្លិះដង្កោ ដែលពាក់ស្លាកលេខ ភ្នំពេញ2F-9486 បើកពីក្រោយរថយន្តរបស់មន្ទីរសម្រាកព្យាបាល ស័ង្គម៉ារី ដែលពាក់ស្លាកលេខ ភ្នំពេញ 2U-2456 ក្នុងល្បឿនលឿនដូចគ្នា និងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងទៅយកអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្បែរស្ពានទំនប់៧មករាដូចគ្នា ។
ប្រភពបានបន្តទៀតថា រថយន្តទាំងពីរទំនងជាប្រញាប់ទៅយកអ្នកជំងឺដូចគ្នាព្រោះអ្នកជំងឺតែមួយ ធ្វើអោយរថយន្តទាំងពីរបើកបរនៅលើដងផ្លូវព្យាយាមវ៉ាជែងគ្នាដូចទីលានប្រណាំងរថយន្ត បន្ទាប់មករថយន្តរបស់មន្ទីរសម្រាកព្យាបាល ម្លិះដង្កោបានវ៉ាទៅមុនរថយន្តសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាល ស័ង្គម៉ារី វិញ ធ្វើអោយរថយន្តសង្គ្រោះ ស័ង្គម៉ារី បន្ថែមល្បឿនដើម្បីទៅអោយបានមុនរថយន្តសង្គ្រោះម្លិះដង្កោវិញ តែបានត្រឹមតែពាក់កណ្តាលរថយន្តស្រាប់តែរថយន្តសង្គ្រោះរបស់ ម្លិះដង្កោ រេចង្កូតមកខាងឆ្វេងធ្វើអោយរថយន្តសង្គ្រោះបន្ទាន់ទាំងពីរនេះបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតដូចគ្នា ។
ប្រភពបានបន្ថែមចុងក្រោយថា ក្រោយពេលបុកគ្នាហើយអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ទាំងពីរនេះមិនព្រមចរចារគ្នាទេបែរជាបើកទ្វារថយន្តហក់វាយគ្នាទៅវិញទៅមក ប៉ុន្តែត្រូវបានអ្នករួមដំណើរឃាត់ទាន់ ។
ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលដង្កោ បានធ្វើការវាស់វែងយករថយន្តសង្គ្រោះបន្ទាន់ទាំងពីរនេះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនិតិវិធី ៕
0 Comments