គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍




ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូតាមបណ្ដោយផ្លូវជុំវិញរង្វង់មូលវត្តភ្នំ បានរេចង្កូតបុកនិងឃឿននៅកណ្ដាលផ្លូវ បណ្ដាលឱ្យដួលម៉ូតូមនុស្សខ្ទាតទៅលើផ្លូវ ខណៈពេលនោះមានរថយន្តមួយគ្រឿង មិនចាំម៉ាកពណ៌ខ្មៅ បានបើកតាមបណ្ដោយមហាវិថីព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង បានកិនពីលើបុរសជាម៉ូតូនោះ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង 


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចមុខនាឡិការង្វង់មូលវត្តភ្នំ មូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ 


សពមានឈ្មោះ សុខ ជា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ A28E1 ផ្លូវលេខ១៣០ ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ 


តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូម៉ាកសង់ DreamC125 សេរី ឆ្នាំ២០១៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1FD-6070 បើកបរតាមដងផ្លូវជុំវិញ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតម៉ូតូទៅបុកឃឿននៅកណ្ដាលផ្លូវ បណ្ដាលឱ្យដួលម៉ូតូហើយមនុស្សបានខ្ទាតចេញពីគ្នា ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកពណ៌ខ្មៅបានបើកតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង មកកិនពីលើជនរងគ្រោះបណ្ដាលឲ្យស្លាប់  ក្រោយពេលកិនហើយនោះ បុរសដែលជាម្ចាស់រថយន្តមិនបានបង្អង់ទេ បានបន្តបន្ថែមល្បឿនបើកគេចបាត់តែម្ដង 


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង ហើយរថយន្តសង្គ្រោះបន្ទាន់ក៏បានមកដល់ផងដែរ ប៉ុន្តែជាអកុសលបុរសនោះបានស្លាប់បាត់បង់ជីវិតទៅហើយ 


ភ្លាមៗនោះសមត្ថកិច្ចបានឆែកមើល អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទរបស់សព ក៏បានទាក់ទងជាមួយនឹងសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី 

Post a Comment

0 Comments