រាជធានីភ្នំពេញ៖ ទីតាំងបបង្កប់ល្បែងមាន់ជល់ខ្នាតធំ ដែលមានទីតាំង នៅក្នុងភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបេីកលេងយ៉ាងគគ្រឹកគគ្រេង ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើយ ។
បើតាមអ្នកចេញចូលក៏ដូចជាអ្នកលេងល្បែងសុីលងខាងលើបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ទីតាំងខាងលើនេះគឺមានល្បែងសុីសងដូចជា ល្បែងភ្នាល់ជល់មាន់ និងអាប៉ោង ។
ពលរដ្ឋរស់នៅជិតទីតាំង បានឲ្យអ្នកសារព័ត៌មានដឹងថា ចំពោះទីតាំងនេះ ពួកគាត់ឃើញមានមនុស្សចេញចូលលេងល្បែងសុីសងជាហូរហែរដោយមានក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងប្រពាក់ប្រពួនគ្នាយ៉ាងច្រើនកុះករទៀតផង ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ ហាក់បីដូចប្រទេសគ្មានច្បាប់ ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះ ម្ចាស់ទីតាំងបានសែនព្រេនជូនដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័អស់ទេដឹង បានជាមិនធ្វើការបង្ក្រាបបែបនេះ បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងបានយ៉ាងរលូនទៅវិញ ឬមួយខ្លាចបែកឆ្នាំងបាយទេដឹង បានជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសំងំស្ងៀមបែបនេះ ។
កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះ ហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ ។
សូមជម្រាបថា កន្លងមកលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ប្រភេទ ដូចជា មាន់ជល់ ហ្គេមបាញ់ត្រី ហ្គេម Internet Online និងល្បែងស៊ីផ្សេងទៀត។ លោក ឃួងស្រេង បាន បញ្ជាក់ទៀតថា បើសិនជារកឃើញថា ទីតាំងណា ដែលបើកល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ ។
ការបញ្ជានេះធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត ។
សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីនិងអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំងអ្នកលេង និងម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មខុសច្បាប់នេះ ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
យ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់លោក អ៊ុក បូនីន អធិការខណ្ឌទេីបឡេីងមកកាន់តំណែងថ្មីៗ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
0 Comments