សេចក្ដីណែនាំលេខ០០៤/២២សណន ស្តីពី ការក្រើនរំលឹកក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ



ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញថា ស្ថានភាពវិវត្តន៍ នៃមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍ បាននិងកំពុងតែរីករាលដាលរហូតដល់មានកំណើនលេខបីខ្ទង់ ដែលប្រការនេះគួរឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ តាមការសង្កេតជាក់ស្តែង បងប្អូនប្រជាពលរដ្ឋមួយចំនួន មានការធ្វេសប្រហែសដោយមិនបានអនុវត្តវិធានការសុខាភិបាលពេញលេញ ដូចជាមិនបានពាក់ម៉ាស មិនរក្សាគម្លាតសុវត្ថិភាព និងមិនបានលាងដៃនឹងអាកុលជែល នៅកន្លែងជួបជុំមនុស្សច្រើនដូចជាមង្គលការ បុណ្យទាន ភោជនីយដ្ឋាន ផ្សារ រោងចក្រ រោងសិប្បកម្ម កន្លែងកម្សាន្តផ្សេងៗ និងតាមទីសាធារណៈជាដើម។ដូចនេះ៖ ដើម្បីចៀសវាងនូវសោកនាដកម្មនៃការឆ្លងរាលដាលធ្ងន់ធ្ងរទៅក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹកដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម 


ត្រូវធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ដោយចុះណែនាំទីតាំងដែលមានការជួបជុំជា លក្ខណៈទ្រង់ទ្រាយធំ ដូចជានៅតាមទីផ្សារនានា ត្រូវក្រើនរំលឹកប្រធានផ្សារ គណៈកម្មការផ្សារ ឱ្យធ្វើការផ្សព្វផ្សាយតាមមេក្រូ ដើម្បីដាស់តឿនអាជីវករ អតិថិជនចេញ-ចូលផ្សារ ឱ្យពាក់ម៉ាស បាញ់អាកុលឬដែលលាងដៃ វាស់កម្ដៅ រក្សាតម្លាតសុវត្ថិភាព ពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ជាពិសេសត្រូវ រំលឹកពីវិធានការ "៣ការពារ ៣កុំរបស់សម្តេចតេជោនាយករដ្ឋមន្តី។


ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើនត្រូវណែនាំឱ្យ រៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី០៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាបាញ់អាកុល ជែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញ ក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើប ចេញពីតុ។ ទន្ទឹមនេះ ត្រូវពិនិត្យប័ណ្ណចាក់វាំកំលាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំងឬហួស រយៈពេល៤ខែហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនអនុញ្ញាតឱ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ។


ត្រូវធ្វើការក្រើនរំលឹកដល់មន្ត្រី បុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋឱ្យទៅចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម។


ត្រូវធ្វើការត្រួតពិនិត្យ និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួន ហើយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅ ឱ្យស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ និងកាត់ផ្តាច់នូវខ្សែចម្លងវីរុសកូវីដ-១៩ជាពិសេសពពួកមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង និងប្រភេទផ្សេងៗទៀត។ ក្នុងករណីរកឃើញបុគ្គលណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ៖ ហើយប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល ដើម្បីទបំស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩បុគ្គលនោះនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ស្របតាម ប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គលឬនីតិបុគ្គលក៏ដូចជា ប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែងឡើយ។


ទទូលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Post a Comment

0 Comments