Muyreal -News

Muyreal -News
Muyreal -News

រដ្ឋបាលខេត្តកោះកុង សហការរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តលើកកម្ពស់យេនឌ័រ ក្នុងវិស័យទេសចរណ៍




ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តលើកកម្ពស់យេនឌ័រ ក្នុងវិស័យទេសចរណ៍។


លោកជំទាវអភិបាល បានលើកឡើងថា យើងបានដឹងហើយថា ស្រី្តមានសិទ្ធិស្មើនឹងបុរស និងមានតួនាទីយ៉ាងសំខាន់ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារ ជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាសិទ្ធិក្នុងការជ្រើសរើសមុខរបរនិងការងារផ្សេងៗ និងមានសិទ្ធិទទួលបានប្រាក់បំណាច់មុខងារ ឬប្រាក់បៀវត្សស្មើនឹងបុរសដែរ។ 


ដើម្បីចូលរួមអនុវត្តគោលនយោបាយសមាសភាពយេនឌ័រ ដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលក្រសួងទេសចរណ៍ បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្រ្តបញ្ជ្រាប និងលើកកម្ពស់យេនឌ័រ នៅក្នុងវិស័យទេសចរណ៍ស្របទៅតាមយន្តការជាតិ ដើម្បីជំរុញលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើននូវភាពអង់អាចដល់ស្រី្តដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួង និងស្រ្តីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ យើងបានមើលឃើញកាន់តែច្បាស់អំពីតួនាទី វិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ភាពរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈចំណូលការងារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចូលរួមការពារអភិរក្ស សម្បត្តិវប្បធម៌ ធម្មជាតិ និងបង្កើតចំណូលតាមវិស័យផ្សេងៗ ទៀតផងដែរ។


ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមជម្រាបផងដែរថាមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកោះកុងបានចាក់  វ៉ាក់សាំងដូសមូលដ្ឋានឬដូសទី១ បានរួចរាល់ ១០៥.២៥ដូសទី២ បាន ១០០.២៥និងវ៉ាក់សាំងដូសទី៣ រួចរាល់សរុប ៦៤ទន្ទឹមនេះ យើងក៏កំពុងបន្តចាក់វ៉ាក់សាំងដូសទី៤ ឬដូសជំរុញដែរ។ 


ទោះបីជាប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងក្នុងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងស្ទើរតែ១០០ពិតមែន ក៏ប៉ុន្តែយើងនៅតែមិនភ្លេចនូវការអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ជាពិសេសវិធាន ៣ការពារ ៣កុំ ដើម្បីជាមូលដ្ឋាននៃការបើកសកម្មភាពសេដ្ឋកិច្ចនិងសង្គមពេញលេញឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី និងការទទួលខុសត្រូវខ្ពស់។ 


ក្នុងន័យនេះដែរ នាងខ្ញុំសូមកោតសរសើរដល់មន្ត្រីរាជការ វិស័យឯកជន ភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ និងប្រជាពលរដ្ឋដែលបានសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍អនុវត្តវិធានសុវត្ថិភាព និងអនាម័យសម្រាប់អាជីវកម្មទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មីសម្រាប់មូលដ្ឋាន អាជីវកម្ម និងគោលដៅទេសចរណ៍សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕


Post a Comment

0 Comments