គេហទំព័រ មួយរៀល

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៩នាក់ដែលលេងល្បែងស៊ីសងក្នុងផ្សារចាស់ខុសច្បាប់



ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ និងគណៈកម្មការផ្សារចាស់ចុះឃាត់មនុស្សបានចំនួន៩នាក់(ស្រីទាំងអស់)ដែលតែងតែប្រព្រឹត្តិល្បែងស៊ីសង លេងបៀរក្នុងនៅផ្សារចាស់ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣រសៀល។


លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សទាំង៩នាក់ព្រមទាំងដកហូតវត្ថុតាង បៀរចំនួន ១៧ហ៊ូ ក្រោយពីបានលេងល្បែងស៊ីសងនៅក្នុងផ្សារចាស់ ត្រង់ចំណុចតូបលេខ៥២៤៥២៥៧៣ និង៥០២។ 


បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានផ្អាកអាជីវកម្មនៅត្រង់ចំណុចតូបទាំង៤នោះ ជាមួយគ្នានេះ កម្លាំងជំនាញកំពុងសាកសួរចម្លើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់



កាលពីថ្ងៃទី៩ ខែកុម្ភៈ សមត្ថកិច្ចក៏បានចុះទៅបង្រ្កាបទីតាំងអ៊ីនធឺណិតមួយកន្លែងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយសង្ស័យថាមានបង្កប់ល្បែងស៊ីសង។ គ្រានោះសមត្ថកិច្ចបានរកឃើញមនុស្ស២នាក់ ហើយក៏បានណែនាំ និងបានឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់បម្រើការល្បែងស៊ីសងតទៅទៀត។


នាថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានចុះបង្រ្កាបទីតាំងមួយកន្លែងទៀត គឺកន្លែងលាងរថយន្ត ដែលសង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់។ ប៉ុន្តែពេលសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ក៏មិនឃើញថាមានប្រព្រឹត្តិល្បែងស៊ីសងឡើយ។​ 


តែយ៉ាងណាសមត្ថកិច្ចបានណែនាំដល់អ្នកគ្រប់គ្រងទីតាំងនោះដោយមិនត្រូវអនុញ្ញាតអោយមានកាជួបជុំគ្នា ប្រព្រឹត្តល្បែងស៊ីសងនោះទេ៕

Post a Comment

0 Comments