Muyreal -News

Muyreal -News
Muyreal -News

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីសំណេះសំណាល និងប្រគល់រង្វាន់ ជូនដល់សិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិនិទ្ទេស A



នាថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់ម៉ូតូចំនួន ០៤គ្រឿង រួមនឹងប័ណ្ណសរសើរ និងថវិកាមួយចំនួន ជូនដល់សិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេស A ចំនួន០៤នាក់។


ក្នុងឱកាសដ៏ថ្លៃថ្លានោះផងដែរ លោកជំទាវអភិបាលខេត្ត និងឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្តល់កិត្តិយសថ្លែងប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសម្តេចពិជ័យសេនា ពិតជាមានសេចក្តីសោមនស្សរីករាយនិងជាមោទនភាពរបស់ខេត្តកោះកុង ដែលក្មួយៗបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេស A សម្រាប់ជាកិត្តិយសគ្រួសារ និងសាលាផងដែរ។


ម៉ូតូដែលបានចែកជូននាពេលនេះជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង សប្បុរសជន និងលោកជំទាវ ដែលបានឧបត្ថម្ភដល់ក្មួយៗ ជាការលើកទឹកចិត្ត។ 


លោកជំទាវអភិបាលខេត្ត ក៏បានចែកប័ណ្ណសរសើរ និងថវិកាមួយចំនួន ដល់នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោសែនកោះកុង និងនាយកវិទ្យាល័យស្រែអំបិល ដែលជាសាលាដែលមានសិស្សទទួលបាននិទ្ទេស A 


ជាមួយគ្នានេះផងដែរ លោកជំទាវក៏បានបញ្ជាក់ជូនថា ក្មួយៗអាចមានឱកាសទទួលបានអាហារូបករណ៍ នៅប្រទេសចិន និងសកលវិទ្យាល័យនានាក្នុងប្រទេស ដែលផ្តល់ជូនតាមរយៈរដ្ឋបាលខេត្តកោះកុង ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា៕

Post a Comment

0 Comments