ឆ្លងកាត់រយៈពេល ១០ថ្ងៃមកនេះ អ្នកស្រាវជ្រាវផ្នែកសុខភាព បានឱ្យដឹងថា វីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) ហាក់មិនបង្កឱ្យមានអាការធ្ងន់ធ្ងរនោះទេ ខណៈរោគសញ្ញារបស់វា លេចចេញដំបូងៗ ខុសពីកូវីដបំប្លែងខ្លួនប្រភេទមុនៗ។
បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រកំពុងសិក្សា រកវិធីដោះស្រាយជាមួយវីរុសបំប្លែងខ្លួន អូមីក្រុង ដែលជាកូវីដបំប្លែងខ្លួនប្រភេទថ្មី ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង និងរីករាលដាលលឿនបំផុត ហើយអាចគេចផុតពីការការពាររបស់វ៉ាក់សាំង ឬបណ្តាលឱ្យមានផលប៉ះពាល់កាន់តែអាក្រក់ឡើងៗផងដែរ។
នាពេលកន្លងមក អ្នកជំនាញធ្លាប់ឱ្យដឹងថា មនុស្សដែលឆ្លងកូវីដបំប្លែងខ្លួន លេចចេញរោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺផ្តាសាយដែរ។ ប៉ុន្តែចាប់តាំងពីមានវ៉ាក់សាំងមនុស្សដែលធ្វើតេស្តវិជ្ជមានភាគច្រើនមានអាការដូចជា ឈឺក្បាល ហៀរសំបោរ ឈឺបំពង់ក និងកណ្តាស់ប៉ុណ្ណោះ។
ដោយឡែក លោកស្រីវេជ្ជបណ្ឌិត Angelique Coetzee ប្រធានសមាគមវេជ្ជសាស្ត្រអាហ្រ្វិកខាងត្បូង មានប្រសាសន៍ថារោគសញ្ញារបស់ អូមីក្រុង មិនដូចទៅនឹងកូវីដបំប្លែងខ្លួនប្រភេទផ្សេងឡើយ ខណៈការរកឃើញបច្ចុប្បន្ននេះមានរោគសញ្ញាតែ ៣ សំខាន់ៗប៉ុណ្ណោះគឺ អស់កម្លាំង ឈឺខ្លួន និងឈឺក្បាល។
ទោះយ៉ាងណា មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា អ្នកជំងឺដែលឆ្លង អូមីក្រុង ភាគច្រើនមិនឈឺធ្ងន់ធ្ងរទេ បើសិនពួកគេធ្លាប់បានចាក់វ៉ាក់សាំងពេញលេញ៕
ស្របពេលជាមួយគ្នានោះដែរ WHO បានចេញការណែនាំចំនួន៦ចំណុចដើម្បីការពារខ្លួនអ្នក និងទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន អូមីក្រុង៖
១. ចាក់វ៉ាក់សាំង
២. ពាក់ម៉ាស
៣. រក្សាគម្លាតរាងកាយ
៤. បើកឲ្យមានខ្យល់ចេញចូលក្នុងកន្លែងបិទជិត
៥. រក្សាអនាម័យឲ្យបានល្អ
៦. ដាក់ខ្លួននៅដាច់ដោយឡែកប្រសិនបើអ្នកមានរោគសញ្ញា៕
0 Comments