រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខាស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ក្នុងកិច្ចការងារស៊ើបអង្កេតប្រមូលបានវត្ថុតាងនានា ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើល រកឃើញថា មេដឹកនាំធ្វើបាតុកម្មខុសច្បាប់បានទទួលលុយឧបត្ថម្ភពីក្រៅប្រទេស ដើម្បីបង្កនូវភាពវឹកវរនៅក្នុងស្រុក ។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ដែលទទួលការងារលើការបង្ក្រាបបានថ្លែងថា ក្រុមញុះញ៉ង់បង្កនូវភាពវឹកវរធ្ងន់ធ្ងរដល់សង្គមបានទទួលថវិការាប់ម៉ឺនដុល្លារពីក្រៅប្រទេស ក្នុងការរៀបចំកៀងគរ និងបង្កើតនូវការប៉ះទង្គិចជាមួយសមត្ថកិច្ច ។
ស្នងការរងរូបនេះបានបន្តថា បាតុកម្មរយៈពេល ១៣ ថ្ងៃនេះ សមត្ថកិច្ចបានធ្វើការប្រមូលព័ត៌មាន តាមរយៈវីដេអូ សម្លេងបែកធ្លាយចេញពីកិច្ចប្រជុំតាម Zoom របស់មេដឹកនាំឈ្មោះ ឈឹម សុខន ដែលជាប្រធានសហជីព និងគូកន «បានធ្វើការញុះញ៉ង់ឱ្យអតីតបុគ្គលិក ណាហ្គាវើល ឱ្យធ្វើការប៉ះទង្គិច ជាមួយអាជ្ញាធរមូលដ្ឋានដើម្បីឱ្យមានព្រឹត្តិការណ៍កើតឡើង» ។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានបន្តថា ក្រោយពីយើងបានប្រមូលព័ត៌មានបានអស់ហើយ ក៏បានសុំគោលការណ៍ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះឃាត់ខ្លួនមេដឹកនាំ ចំនួន ៩ នាក់។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានបញ្ជាក់បន្ថែមថា «ក្នុងកិច្ចការងារស៊ើបអង្កេត ប្រមូលបានវត្ថុតាងជាច្រើន មានដូចជាកុំព្យូទ័រ និងទូរស័ព្ទដៃ និងសម្ភារៈមួយចំនួន ដែលសម្រេចបម្រើការងារញុះញង់ការងារធ្វើបាតុកម្មរបស់ពួកគេ ។ ប៉ូលិសបានធ្វើកោសល្យវិច្ឆ័យ លើទូរស័ព្ទដៃ និងកុំព្យូទ័រ ឃើញមានការឧបត្ថម្ភថវិកាពីក្រៅប្រទេស និងអង្គការចំនួន ៣ គឺអង្គការមួយក្រៅប្រទេស និងអង្គការ ២ ទៀតនៅក្នុងស្រុក ដោយបានឧបត្ថម្ភថវិកាជាច្រើន គឺជាច្រើនម៉ឺនដុល្លារ សម្រាប់ឧបត្ថម្ភដល់ការធ្វើបាតុកម្មខុសច្បាប់នេះ ។ មានការវេរលុយតាម ABA ឱ្យក្រុមនេះធ្វើការតាមដំណាក់កាល និងឱ្យលុយតាមដំណាក់កាល ។ ដំបូងឱ្យប្រជុំ មួយវគ្គទៅ ក៏ទម្លាក់លុយ ៥០០០ ដុល្លារ ជំហានទី ២ ពេលកៀងគរបានអ្នកចូលរួមបានប៉ុន្មានហើយ គឺទម្លាក់លុយមួយតង់ទៀតទៅ» ។
លោកបានបន្ថែមថា អ៊ីចឹងទាក់ទងនឹងការ Transfer លុយពីក្រៅប្រទេសមកនេះ គឺគេមានការបង្វែរលើថវិកាផ្ញើទៅមនុស្សម្នាក់ហើយមនុស្សម្នាក់ទៀត ផ្ញើចេញទៅទៀតទៅឱ្យមេដឹកនាំ ឈ្មោះ ឈឹម សុខន ។
លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាន បានថ្លែងថា ការធ្វើសន្និសីទសារព័ត៌មាននាពេលនេះ គឺក្នុងគោលបំណងជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានដឹងច្បាស់អំពីមូលហេតុដែលឈានដល់ការឃាត់ខ្លួនមេដឹកនាំចលនាខុសច្បាប់ អុកឡុកបង្កឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគឺមានការញុះញ៉ង់ឱ្យមានការបិទផ្លូវសាធារណៈ រារាំងដល់ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគឺមានគោលបំណងអាក្រក់ក្នុងការរារាំងដល់ការចូលរួមសប្បាយឆ្លងឆ្នាំរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
លោក សុខ សីហា បានបន្ថែមថា ក្នុងនាមលោកជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកបានបញ្ជាក់ជូនសាធារណជនទាំងអស់ ថា កាលពីយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន មេចលនាដឹកនាំខុសច្បាប់ ដែលញុះញ៉ុងបង្កឱ្យមានភាពវឹកវរក្នុងសង្គមចំនួន ៩ នាក់ ។ បន្ទាប់ពីធ្វើការនាំខ្លួន យកមកធ្វើការសាកសួរជំនាញសមត្ថកិច្ចបានធ្វើការបញ្ជួនសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៦ នាក់ និង ៣ នាក់មិនមានការពាក់ព័ន្ធត្រូវបានអប់រំនិងដោះលែង ។
លោក សុខ សីហា បានថ្លែងថា មុនឈានដល់ការឃាត់ខ្លួន សាលារាជធានីភ្នំពេញបានចេញ សេចក្តីជូនដំណឹងស្តីពីការបពា្ឈប់ជាបន្ទាន់នូវការធ្វើសកម្មភាពបាតុកម្មដោយខុសច្បាប់របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏លីមីធីត។
អ្នកនាំពាក្យនៃស្នងការដ្ឋាន បានថ្លែងថា «ការឃាត់ខ្លួនមេដឹកនាំចលនានេះ គឺសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ និងមានភស្តុតាងគ្រប់គ្រាន់ អំពីបញ្ហានៃការធ្វើការដោយខុសច្បាប់នេះ ។ ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែធ្វើការអំពាវនាវ ដល់មេដឹកនាំចលនាដែលនៅសេសសល់ សូមបញ្ឈប់សកម្មភាពចលនាខុសច្បាប់នេះជាបន្ទាន់ និងងាកមកអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។
សូមរម្លឹកថា បាតុកម្មនៅណាហ្គាវើលដ៍ ជាលទ្ធផល គឺមានមនុស្ស ៦នាក់ ចូលសម្រាកនៅពន្ធនាគារ ១៤នាក់ថ្មីទៀត នាំខ្លួនទៅស្នងការ ៕
0 Comments