រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់ជីវិតភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូដូចគ្នា ស្ថិតនៅស្តុបវិទ្យាល័យព្រះយុគន្ធរ ផ្លូវ២៧៤ ( ព្រះសីហនុ ) កែងនឹងផ្លូវ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ។
ប្រភពបានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់ជាអ្នកដឹកនំបុ័ងជាប្រចាំថ្ងៃ បានរងរបួសស្រាលផ្នែកជើងបន្តិចបន្តួច បានគេចខ្លួនបាត់ស្រមោល គាត់ជិះម៉ូតូឌ្រីមសង់សេ១២៥ សេរី២០០៧ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1J-8827 បើកបរពីលិចទៅកើតតាមបណ្តោយផ្លូវ១០៥ មកដល់ស្តុបព្រះយុគន្ធរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមឡើយ បានបន្តធ្វើដំណើរ បង្កឱ្យម៉ូតូជនរងគ្រោះបើកបរក្នុងល្បឿនលឿនបានបុកផ្លោងបោកក្បាលនៅផ្លូវស្លាប់ភ្លាមតែម្តង ម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់សេ១២៥សេរី២០១៦ ពណ៌ខ្មៅលាយខៀវ ផ្លាកលេខ ភ្នំពេញ 1FV-7332 ដែលបើកបរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៧៤ ព្រះសីហនុ ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីស្រាវជ្រាវនិងដោះស្រាយនាពេលក្រោយ ដោយឡែកសពជនរងគ្រោះរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
0 Comments