រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបុកចូលមន្ទីរសម្រាកព្យាបាល និងសម្ភព មនោរម្យត្រូវបានសន្តិសុខយាមនៅមន្ទីរពេទ្យចាប់ចងស្លាបសេក ភ្ជាប់ជាមួយម៉ូតូកង់បីឥណ្ឌា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែមករាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ ៣៧១សឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ ។
តាមការរៀបរាប់ពីសន្តិសុខ យាមនៅមន្ទីរពេទ្យបានឲ្យដឹងថា មុនកើតហេតុបុរសដែលបើកម៉ូតូកង់បីឥណ្ឌា ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HY-3345 សង្ស័យស្រវឹងស្រាខ្លាំង និងមានចេតនាបើកបុកចូល មន្ទីរពេទ្យ២លើកហើយ ដោយលើកទី១មិនបានបញ្ជាក់ពីថ្ងៃខែឆ្នាំនេះទេ លុះលើកទី២ម៉ោងកើតហេតុខាងលើ ខណៈដែលបុរសបើកម៉ូតូកង់បីខាងលើឈប់ នៅមុខមន្ទីរពេទ្យក្នុងទិសដៅពីកើតទៅលិច ស្រាប់តែបើកបុកចូលអាហាដ្ឋានរបស់មន្ទីរពេទ្យបណ្ដាលឱ្យបែកទ្វារកញ្ចក់ និង រងការខូចខាតសម្ភារៈមួយចំនួន ភ្លាមរូបគាត់ជាសន្តិសុខដែលយាមនិងមើលការខុសនៅមន្ទីរពេទ្យ ឃើញមានដបសាំង១ដប នៅលើម៉ូតូកង់បី ខណះនោះរូបគាត់ខ្លាចអ្នកបើកបរ យកសាំងនោះមកចាក់ដុតមន្ទីពេទ្យ ទើបរូបគាត់យកក្រណាត់ស មកចងអ្នកបើកបរម៉ូតូកង់បីភ្ជាប់នឹងម៉ូតូកង់បីតែម្តង ។
បើតាមការរៀបរាប់ពីបុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាបានប្រាប់ថា រូបគាត់គ្មានបំណងបើកបុកមន្ទីរពេទ្យនោះទេដោយសារម៉ូតូកង់បីរបស់គាត់ជាប់ហ្គា ទើបបុកចូលមន្ទីរពេទ្យនោះទៅ បន្ទាប់មកត្រូវសន្តិសុខយាមនៅមន្ទីរពេទ្យចាប់រូបគាត់និងបានប្រើហិង្សាទៅលើរូបគាត់ ដោយចាប់ចងស្លាបសេកជាប់ជាមួយម៉ូតូកង់បីឥណ្ឌារបស់គាត់តែម្ដងទើបបង្កឱ្យមានការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ ៕
0 Comments