សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងហ្វេសប៊ុកផេកសារព័ត៌មានមួយបានចុះផ្សាយថា "មន្ត្រីនគរបាលចរាចរណ៍គោលដៅមុខប៉ុស្តិ៍ទន្លេបាសាក់ បានធ្វើការចាប់យកម៉ូតូ នឹងPower bank របស់អ្នកសារព័ត៌មាន"
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបញ្ជាក់ជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា ទាក់ទងទៅនឹងករណីមន្ត្រីនគរបាលចរាចរណ៍ឃាត់ម៉ូតូអ្នកសារព័ត៌មាន ។
នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងផាកពិន័យនៅចំណុចផ្លូវសុធារស មុខប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ហើយបានឃាត់ម៉ូតូ០១គ្រឿង មានគ្នាចំនួន០៤នាក់ មនុស្សធំ ចំនួន០២នាក់ កូនក្មេង ចំនួន០២នាក់ មិនពាក់មួកសុវត្ថិភាពទាំងអស់ ពេលនោះអ្នកបើកបរគាត់មិនព្រមសហការជាមួយសមត្ថិច្ច បំពេញបែបបទតាមនីតិវិធី ដោយគាត់ថាខ្លួនគាត់ជាអ្នកសារព័ត៌មាន និងប្រើសំដីមិនសមរម្យ ព្រមទាំងថតឡាយវីដេអូទៀតផង ។
បច្ចុប្បន្នម៉ូតូរបស់គាត់ដែលមានឆ្នាំងសាកថ្មទូរស័ព្ទមួយដាក់លើរានម៉ូតូ និងមានស្រាបៀរ ចំនួន០៤កំប៉ុង ទឹកក្រូច ចំនួន១កំប៉ុង ព្យួរនៅជាប់ម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
សូមបញ្ជាក់ថាកុំអាងខ្លួនជាអ្នកសារព័ត៌មាន បេីកបរល្មេីសច្បាប់ ហេីយថែមទាំងប្រេីប្រាស់ពាក្យសម្តីមិនសមរម្យជាមួយមន្ត្រីអនុវត្តច្បាប់ទៀតផង ទោះជាអ្នកសារព័ត៌មាន មន្ត្រីរាជការទូទៅ ប្រជាពលដ្ឋ ឱ្យតែល្មេីសច្បាប់ ត្រូវតែអនុវត្តច្បាប់ដូចៗគ្នា ៕
0 Comments