ព្រះសីហនុ៖ តាមប្រភពស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែមករា ឆ្នាំ២០២២នេះថា ជនដៃដល់ដែលពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស២នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ត្រូវកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនបានហើយ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការរហូតឈានដល់ចាប់បានជនដៃដល់នៅពេលនេះ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយ កដ្ឋានកណ្ដាលសន្ដិសុខ និងនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ យ៉ាងណាមិញ នៅពេលនេះកម្លាំងជំនាញកំពុងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។
សូមរំលឹកថាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២កន្លងទៅ មានហេតុការណ៍មួយបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយប្រទះឃើញសាកសពមនុស្ស២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ដែលត្រូវបានគេយកទៅកប់ចោលក្នុងភូមិសាស្ដ្រសង្កាត់៤ ក្រុងព្រះសីហនុនិងភូមិសាស្ដ្រ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់៕
0 Comments