គ្រោះថ្នាក់ចរាចរណ៍មួយករណី រវាងរថយន្តមួយគ្រឿង ជាមួយម៉ូតូ០៤គ្រឿង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបណ្តាលឲ្យស្លាប់មនុស្ស០៦នាក់
និង រងរបួសធ្ងន់០២នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២១នៅលើផ្លូលេខ១១០ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបើកបររថយន្តម៉ាក TUNDRA បាននិយាយប្រាប់សមត្ថកិច្ចថា ដំណើរដើមហេតុពីដំបូង គឺក្រុមជនរងគ្រោះមានគ្នាជាង១០នាក់ បានប្រើអំពើហិង្សាដោយកាប់មកលើខ្លួន និងប្អូនប្រុសមុន នៅមុខវត្តព្រែកដូង តែសំណាងល្អរូបខ្លួននិងប្អូនប្រុសគេចរួច ដោយត្រូវតែ១កំាបិតប៉ុណ្ណោះ។
បន្ទាប់មកជនបង្ករូបនេះ បានទៅយករថយន្តរបស់ខ្លួនម៉ាក TUNDRA បំណងទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស តែនៅពេលធ្វើដំណើរតាមផ្លូវ ក៏ជួបក្រុមជនរងគ្រោះដដែល ក៏កើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង។
របាយការណ៍សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានរថយន្ត មួយគ្រឿងម៉ាកTUNDRA ពណ៌ក្រហម ប្រភេទដឹកអ្នកទំនិញធុនតូច ផ្លាកលេខភ្នំពេញ2BM4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុនភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញ-ស្អាង។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូចំនួន០៤គ្រឿង ដែលមានទិសដៅផ្ទុយគ្នា ដែលទី.១ ម៉ូតូម៉ាកHONDA DREAM 125 ពព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AB-9316 បើកបរដោយឈ្មោះ រស់ ប៊ុនលី ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ វ៉ាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ។
ទី.២ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AF – 5692 បើកបរដោយឈ្មោះ ផុន ភារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ព្រំ មេសា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។
ទី.៣ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1Y-5923 បើកបរដោយឈ្មោះ សឿនមាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួម្នាក់ឈ្មោះបូ ប្រូវីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់ទាំង ៦នាក់ខាងលើនេះ។
និងម៉ូតូទី.៤ ម៉ាកHONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាលេខភ្នំពេញ 1DD-7096 បើកបរដោយ សុខ បញ្ញាភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជិនសុជាតិ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីជាមួយគ្នា របួសធ្ងន់ទាំង ២នាក់ ត្រូវគ្រួសារយកទៅព្យាបាលនៅរាជធានីភ្នំពេញ៕
0 Comments