គេហទំព័រ មួយរៀល

ឃុំខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធលុយដើមនិងការប្រាក់៩ម៉ឺនដុល្លារ



រាជធានីភ្នំពេញ៖ តុលាការភ្នំពេញកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធខ្ចីលុយគេ ដើម៥ម៉ឺនដុលា្លរនិងការប្រាក់៤ម៉ឺនដុល្លារ។


សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលឃុំខ្លួនឈ្មោះ អោម ចាន់ណា អាយុ៤២ឆ្នាំ មុខរបរជាអ្នកលក់បាយម្ហូប នៅភូមិបាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។


ស្ត្រីរូបនេះត្រូវនគរបាលចាប់ខ្លួនតាមដីកាបង្គាប់ ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីសាកសួរចប់ចៅក្រមបានចេញដីកាឃុំខ្លួនភ្លាមក្រោម បទចោទប្រកាន់រំលោភលើទំនុកចិត្ត។


សមត្ថកិច្ចបានបន្តថា ឈ្មោះ អោម ចាន់ណា បានខ្ចីប្រាក់ពីជនជាតិវៀតណាមម្នាក់ចំនួន៥ម៉ឺនដុល្លារដើម្បីរកស៊ី ក្រោមរូបភាពចងការប្រាក់ ដោយដាក់ប្លង់ដីបញ្ចាំមួយកន្លែងនៅសង្កាត់បាក់ខែង ទំហំ៧គុណ៥០ម៉ែត្រ តម្លៃប្រហែល២០ម៉ឺនដុល្លារនាពេលបច្ចុប្បន្ន។


មុនដំបូងដំណើរការសងបំណុលទៀងទាត់ លុះដល់កូវីដ-១៩ចូលមកដល់ ស្រាប់តែកូនបំណុលគ្មានប្រាក់ បង់ការប្រាក់រហូតដល់សព្វថ្ងៃ ជាហេតុធ្វើឱ្យការប្រាក់ឡើងដល់៤ម៉ឺនដុល្លារ បូកទាំងប្រាក់ដើម៥ម៉ឺនទៀត សរុបបំណុលឡើងដល់៩ម៉ឺនដុល្លារ។


ឈ្មោះ អោម ចាន់ណា គ្មានមធ្យោបាយសង ក៏ទៅសុំប្លង់ដីពីម្ចាស់បំណុល ដើម្បីដាក់បញ្ចាំនៅធនាគារយកប្រាក់មកសង។ 


តែម្ចាស់បំណុលមិនព្រម ព្រោះចង់បានដីដែលកូនបំណុលបញ្ចាំនោះ ក៏ប្ដឹងទៅតុលាការចាប់ខ្លួនឈ្មោះអោម ចាន់ណាដាក់ឃុំតែម្ដង៕

Post a Comment

0 Comments