គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ជុំកាឡង់និងចង្គូមខ្លាទាល់តែលួចទើបពូកែ ដេកលក់មួយស្របក់បាត់កាបូបនិងអាហ្វូ១៣ប្រ៊ូទៀត



ភ្នំពេញ៖ បុរសម្នាក់ចេញពីកម្មវិធីមិត្តភក្ត្រ័ រួចបើករថយន្តរកកន្លែងកន្លែងម៉ាស្សា ស្រាប់តែមកដល់មុខហាងម៉ាស្សា ក៏ដេកលក់ក្នុងរថយន្តបាត់ ក្រោយមកក៏ត្រូវជនសង្ស័យពីរនាក់ ជិះម៉ូតូចំនួន២ គ្រឿង បានមកធ្វើសកម្មភាពបើកទ្វាររថយន្តរួចយកបានទូរស័ព្ទដៃចំនួន៣គ្រឿង និងកាបូបដៃមួយ ក្នុងនោះមានជុំកាឡង់ ចង្កូមខ្លា។ 


ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាព ក៏មានអ្នកឃើញហេតុការណ៍នេះដែរ តែត្រូវបានជនសង្ស័យស្រែកគំរាម ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង២បានគេចខ្លួនបាត់ស្រម៉ោល។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខហាងម៉ាស្សាមួយកន្លែង តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះរថយន្តហាយលេនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7870 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រថយន្តរួចដេកលង់លក់តែម្តងទៅ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ឃើញមានជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូឌ្រីមសង់ ចំនួន២គ្រឿង មិនស្គាល់ស្លាកលេខ ដោយជនសង្ស័យម្នាក់បានចូលទៅធ្វើសកម្មភាពលួច និងជនសង្ស័យម្នាក់ទៀតនៅអង្គុយចាំពីចម្ងាយ ប្រហែល៥០ម៉ែត្រពីគ្នា។ 


ជាមួយគ្នានោះអ្នកដែលបានឃើញហេតុការណ៍ ត្រូវបានជនសង្ស័យស្រែកគំរាមថា «កុំចេះដឹងរឿងគេ ទុកមាត់សុីបាយទៅ!!»


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចសួរនាំ ជនរងគ្រោះបានប្រាប់ថា គាត់ទើបចេញពីកម្មវិធីមិត្ត នៅម្ដុំជ្រោយចង្វា ហើយគោលបំណងមកចូលហាងម៉ាស្សា នៅចំណុចកន្លែងកើតហេតុខាងលើ ខណ:មិនទាន់បានចូលផង ស្រាប់តែដេកលក់តែម្តងទៅ  


ជនរងគ្រោះបានប្រាប់ថា បាត់ទូរស័ព្ទដៃ IPhone 13 Pro ចំនួន៣គ្រឿង និងកាបូបមួយ មានជុំកាឡង ចង្កូមខ្លា និងឯកសារមួយចំនួន ជនរងគ្រោះបានបន្តទៀតថា រូបគាត់បានមកដេកនៅចំណុចមុខទីតាំងកន្លែងកើតហេតុនេះរយៈពេល២ ម៉ោងមកហើយដោយមិនដឹងថាជនសង្ស័យមកលួចនោះទេ 


ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ យកមកដាក់ទោសតាមផ្លូវច្បាប់៕

Post a Comment

0 Comments