សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មនៅភ្នំពេញតាមប្រម៉ាញ់ឃាតករដល់ស្វាយរៀង



ខេត្តស្វាយរៀង៖ សំណុំរឿងចាក់សម្លាប់ស្ដ្រីជនជាតិចិន នៅខណ្ឌដង្កោ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានជនដៃដល់នៅស្រុករមាសហែក ខេត្តស្វាយរៀង នាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។ 


ហេតុការណ៍អំពើឃាតកម្មលើស្ដ្រីជនជាតិចិននេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងរោងចក្រគោលដេនហ្គ្រេសស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ 


កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។


ជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ឈ្មោះ សាវ វិន (XIAO WEN) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ កាន់លិខិតឆ្លងដែនលេខ EO1271955 ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស។ ចំណែកជនរងគ្រោះឈ្មោះ ឌៀង លី(DING LI) ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF5967276 មុខរបរប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបញ្ជូនខ្លួនជនសង្ស័យមកធ្វើការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីចាត់ការបន្ដតាមនីតិវិធី៕

Post a Comment

0 Comments