ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ បានចេញលិខិតបង្គាប់ការមួយដោយសម្រេចបង្កើតក្រុមការងារ ចុះស្រាវជ្រាវអំពីសាវតារទីតាំងដី មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧ប័ណ្ណ ដែលស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យោងតាមលិខិតបង្គាប់ការ ដែលយើងទើបទទួលបាន នៅថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២១ នេះ ។
លិខិតបង្គាប់ការរបស់លោកអភិបាលខេត្តព្រះសីហនុ នាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ទៅលើលោក ចេង ស្រុងដែលជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុថា បានចេញប្លង់រឹងចំនួន៧ប័ណ្ណទំហំជាង៣០ហិកតាគ្របលើដីព្រៃកោងកាងដុះក្រាស់ឃ្មឹក ដែលការពារដោយក្រសួងកសិកម្ម ។
ប៉ុន្តែបញ្ហានេះនាពេលកន្លងទៅលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ក៏បានចេញសេចក្ដីថ្លែងការណ៍បដិសេធផងដែរ ។
យោងតាមលិខិតបង្គាប់ការរបស់លោកអភិបាលខេត្តព្រះសីហនុគឺ បង្គាប់ឲ្យមានការចុះស្រាវជ្រាវអំពីសាវតារទីតាំងដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុ ចំនួនប្រាំពីរបានមានលេខដូចតទៅ ៖ 0334 , 0335 , 0339 , 0340 , 0341 , 0342 និង0343 ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រុមការងារដែលមានសមាសភាពចំនួន១៥រូប នេះគឺមានភារៈកិច្ចដូចខាងក្រោម ៖
មន្ត្រីបច្ចេកទេសនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់និងភូមិបាលស្រុកព្រៃនប់ , មន្ត្រីបច្ចេកទេសនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុនិងមន្ត្រីខណ្ឌជលផលនៃមន្ទីរកសិកម្មខេត្តព្រះសីហនុ ត្រូវផ្ដល់ផែនទីនិងរបាយការណ៍បច្ចេកទេស ជូនប្រធានក្រុមការងារបន្ទាប់ពីគណនារួចរាល់ ។
សមាជិកក្រុមការងារត្រូវចូលរួមបំពេញការងារនិងចូលរួមក្នុងកិច្ចប្រជុំតាមការកោះអញ្ជើញរបស់ប្រធានក្រុមការងារ ។
សមាជិកក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ក្រុមការងារត្រូវធ្វើកំណត់ហេតុនិងរបាយការណ៍អំពីលទ្ធផលការងារគោរពជូនលោកអភិបាលខេត្តព្រះសីហនុដើម្បីពិនិត្យនិងសម្រេច ។
ពាក់ព័ន្ធបញ្ហានេះតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅក៏បានធ្វើលិខិតមួយច្បាប់គោរពជូន លោកឧបកនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជុំវិញការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានជាច្រើន ដែលមានចំណងជើងថា «ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ លួចចេញប្លង់រឹងឲ្យឪពុកមាខ្លួនចំនួន៧ប័ណ្ណគ្របលើដីព្រៃកោងកាងនៅស្រុកព្រៃនប់»៕
0 Comments