ខេត្តកំពង់ឆ្នាំង ៖ យោងតាមបណ្តាញព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយឱ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការងនគរបាលខេត្តកំពង់ឆ្នាំងនិងលោកវរសេនីយ៍ឯកកែវ ណារុនប្រធានការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងត្រូវបានចាប់ឃាត់ខ្លួននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ព័ន្ធករណីរំលោភយកដី ព្រៃលិចទឹក បឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបានបន្តឲដឹងថា លំនៅដ្ឋានអតីតអភិបាលខេត្តកំពង់ឆ្នាំងលោកឈួរ ច័ន្ទឌឿន ចំនួន២ទីតាំងនៅឯខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចឡោមព័ទ្ធដែរ។
គួររំលឹកថា លោកផ្កាយ១ស៊ុំ សុជាតិ លោកស័ក្តិ៥ កែវ ណារុន និងលោក ឈួរ ច័ន្ទឌឿន ត្រូវបានរក ឃើញថា បានបំផ្លិចបំផ្លាញព្រៃលិចទឹករបស់រដ្ឋ ឈូស ឆាយដុតបំផ្លាញ ដើម្បីយកធ្វើជាកម្មសិទ្ធិ តាមតែអំពើចិត្តរបស់ផងខ្លួន។
ប្រភពបន្តថា លោក ឈួរ ច័ន្ទឌឿន មាន ជាង២.០០០ហិកតា លោក ស៊ុំ សុជាតិ មាន ជិត៧០០ហិកតា លោក កែវ ណារុន មានប្រហែល៤០០ហិកតា។
គូសបញ្ជាក់ថាក្នុងសារជាសំឡេង របស់សម្តេចនាយករដ្ឋមន្រ្តី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ បទបញ្ជាដ៏ម៉ឺងម៉ាត់ បង្ក្រាបនិងដកហូតដី ព្រៃលិចទឹក តំបន់បឹងទន្លេសាប ដែលរដ្ឋបានកំណត់ ជា តំបន់១ តំបន់២ និងតំបន់៣ ដែលរដ្ឋកំណត់រក្សា និងការពារត្រូវយកមកវិញទាំងអស់ ។
សម្តេចបាន សង្កត់ធ្ងន់ ទៅលើខេត្តកំពង់ឆ្នាំង ដែលកំពុងរងការ កាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ទន្រ្ទានយកធ្វើជាកម្មសទ្ធិ។
អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលបានប្រព្រឹត្ត អំពើខុសទៅនឹងច្បាប់ទាំងនោះ ត្រូតែចាប់ខ្លួនកសាងបញ្ជូនទៅតុលាការ។
សម្រាប់ពលរដ្ឋ ត្រូវដកខ្លួនជៀសឱ្យឆ្ងាយ បើនៅតែ តតាំង ក៏ត្រូវចាប់ខ្លួនដែរ ។
សម្តេចប្រកាសដល់មន្រ្តី ខិលខូចពាក់ព័ន្ធករណីខាងលើ បើចង់ឱ្យមានការបន្ធូរ បន្ថយទោស ត្រូវចេញមុខសារភាពដោយខ្លួនឯងជាបន្ទាន់។
ប៉ុន្តែមិនមានន័យថា រួចផុតទាំងស្រុងនោះទេ អស់លោកនៅតែជាប់ពិរុទ្ធភាពដដែល ។
សម្រាប់មន្ត្រីដែលមិនចូលសារភាព ត្រូវចាប់ខ្លួនកាត់ទោសតាមច្បាប់និងអង្គភាពប្រឆាំងអំពើពុករលួយត្រូវត្រួតពិនិត្យស្រាវជ្រាវទ្រព្យសម្បត្តិពួកគេទៀតទើបសាកសម៕
0 Comments