រាជធានីភ្នំពេញ៖ យោងតាមពាក្យសុំថតសំណុំរឿងចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ របស់លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យលោក ប្រាក់ ចាន់តូ ក្រោយសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងរបាយការណ៍សំយោគលេខៈ៣២/២១របក ករណីឈានដល់ការចុះបង្រ្កាបហាង Mode Store ។
បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋ រហូតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១លោក ចែ សុង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ និងសហការចូលរួមដោយលោកឧត្តមសេនីយ៍ទោតេង ប៊ុនថុន ប្រធានក្រុមប្រតិបត្តិការទី៧ ដែលមានសមាសភាពចូលរួមពីលោកអភិបាលខណ្ឌរង, ចៅសង្កាត់ ,មន្ត្រី ក.ប.ប ,ប្រធានភូមិ ,នាយប៉ុស្ដិ៍ ,ប្រធានប៉ុស្ដិ៍បានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែងហាង Mode Store ស្ថិតនៅផ្ទះលេខ14BC ផ្លូវ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនសង្ស័យមិនមានប្រភពនិងច្បាប់ត្រឹមត្រូវ ។
ក្នុងប្រតិបត្តិការនោះលោកស្រី ខេង ពិទូពុធធីតា បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនជាម្ចាស់អាជីវករ លក់ផលិតផលតាមអនឡាយ និងជាម្ចាស់ហាងឈ្មោះ Mode Store ដោយបានបើកតាំងពីឆ្នាំ២០១៨រហូតដល់បច្ចុប្បន្ន មានផលិតផលជាច្រើនមុខដូចជា៖ នាឡិកាកាបូប វ៉ែនតា សម្លៀកបំពាក់ ។
ដោយបានអះអាងថា ផលិតទាំងនេះខ្លួនបាននាំចូលពីអាមេរិក បារាំង អង់គ្លេស អូស្រ្តាលី អាឡឺម៉ង អ៊ីតាលី ហើយផលិតផលដែលខ្លួនដាក់លក់ក្នុងហាងទាំងមូល លោកស្រីបានសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល បានតែ២មុខប៉ុណ្ណោះ គឺផលិតផលម៉ាកMosbeau និង ផលិតផលម៉ាក Loreal ដោយឡែកផលិតផលក្រៅពីនោះគឺ លោកស្រីមិនមានសុំច្បាប់អនុញ្ញាតទេ ។
យោងតាមរបាយការណ៍សំយោគបានឲ្យដឹងទៀត ក្រោយចុះត្រួតពិនិត្យឆែកឆេររួចសមត្ថកិច្ចបានរកឃើញផលិតផលចំនួន១២១ម៉ាក ចែកចេញជា៦មុខរួមមាន៖
-ផលិតផលកាបូបស្មើចំនួន២១៥កាបូប
-ផលិតផលវេនតាស្មើចំនួន១៨៧ដើម
-ផលិតផលគ្រឿងសម្អាងស្មើ១,២៥០ដប/កំប៉ុង
-ទឹកអប់ចំនួន៦៩៦ ដប
-នាឡិកាចំនួន៦៧៦គ្រឿង
-ផលិតផលសម្លៀកបំពាក់ស្មើ១៣៦ គូ/កំផ្លេ
សរុបផលិតផលទាំងអស់៦មុខស្មើនឹង៣,១៦០មុខ។
សូមជម្រាបជូនថា បើយោងតាមរបាយការណ៍សំយោងរបស់សមត្ថកិច្ច បានរកឃើញហាង Mode Store ដែលមានលោកស្រីខេង ពិទូពុធធីតា និងឈ្មោះ ហ្សារ៉ន អ៊ុលវី ជាប់ពាក់ព័ន្ធករណីនាំចូល រក្សាទុក លក់ទំនិញដែលមានម៉ាកក្លែងបន្លំនិងផលិតផលផ្សេងទៀតក្លែងម៉ាក ក្លែងប្រភព ក្លែងប័ណ្ណធានា និងមិនសុច្ចរិតនឹងទំនិញ ដោយសមត្ថកិច្ចបានចាត់ទុកអំពើដូចជា៖
-ក្លែងបន្លំពាណិជ្ជសញ្ញា ឬពាណិជ្ជនាម។
-នាំចូល លក់ ប្រកាសលក់ ឬមានបំណងលក់ដោយមានចេតនានូវទំនិញដែលមានម៉ាកក្លែងបន្លំឬមានចេតនាផ្ដល់សេវា ។
-អំពើមិនសុច្ចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់។
-អំពើដែលទាក់ទងនឹងការអនុវត្តមិនសុច្ចរិតនឹងទំនិញ។
-ការក្លែងបន្លំ ឬការប៉ុនប៉ងក្លែងបន្លំតាមមធ្យោបាយឬវិធីណាមួយក៏ដោយលើផលិតផលទំនិញនិងសេវាចំពោះ អត្តសញ្ញាណ, ប្រភព, ប្រភេទ, គុណភាពខាងរូបធាតុ ឬខាងទ្រង់ទ្រាយរាងកាយ ធាតុផ្សំបរិមាណជាដើម ដោយសមត្ថកិច្ចធ្វើការចោទប្រកាន់តាមមាត្រា៦៤. ៦៦.៦៧ ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់, មាត្រា ៤១.៤៤ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, មាត្រា៦៣ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផល និងសេវា,មាត្រា ៥៣២ .៥៣៣ នៃក្រមព្រហ្មទណ្ឌ។
ក្នុងរបាយការណ៍ដដែលបានបានឲ្យដឹងទៀតថា លោកស្រី ខេង ពិទូពុធធីតា មានចេតនាធ្វើឲ្យបាត់វត្ថុតាងព្រោះបច្ចុប្បន្នលោកស្រីនៅតែបន្តឡាយលក់វត្ថុតាង ដែលសមត្ថកិ្ចចបានត្រួតពិនិត្យរួច កត់ត្រា និងបញ្ជូនទៅតុលាការរួច ខណៈដែលមិនទាន់មានសេចក្ដីសម្រេចណាមួយពីតុលាការ អនុញ្ញាតឲ្យលក់វត្ថុតាងទាំងអស់នោះឡើយ ។
ទោះយ៉ាងណា សូមហាជនមានការប្រុងប្រយ័ត្ន ចំពោះការទិញផលិតផលពីហាង ម៉ូដ ស្ទ័រ មានចំនួន១២១ម៉ាក ពីព្រោះផលិតផលទាំងនោះ ជាវត្ថុតាងរបស់សមត្ថកិច្ចដែលបានកត់ត្រា ក្នុងកំណត់ហេតុបញ្ចូនសំណុំរឿងទៅតុលាការដើម្បីរងចាំការវិនិច្ឆ័យជៀសវាងប្រជាពលរដ្ឋទទួលផលចោរកម្ម និង អំពើធ្វើឲ្យខូចខាតឬបាត់វត្ថុតាង របស់សមត្ថកិច្ចដែលជាហេតុនាំទុក្ខដល់ខ្លួន ។
ទោះបីជាយ៉ាងណាមហាជន ក៏ដូចជាម្ចាស់អាជីវករជាច្រើនធ្វើការគាំទ្រ ចំពោះវិធានការរបស់សមត្ថកិច្ច បានចុះទុបស្កាត់ការចែកចាយ នាំចូល ចំពោះអ្នករកស៊ីមិនសុច្ចរិត នាំឲ្យបង្កភាពវឹកវរ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និង សង្គមជាតិទាំងមូលក៏ដូចជាប្រជាពលរដ្ឋអ្នកទិញយកទៅប្រើប្រាស់ខាតបង់មាសប្រាក់ពេលវេលា ទិញយកប្រើមិនបានផលិតផលពិត មានគុណភាពនិងសុវត្ថិភាពទៅវិញ ជាពិសេសប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដោយគ្រាន់តែចុះបញ្ជីក្លែងបន្លំភ្នែកសមត្ថកិច្ច ប្រកាសពន្ធមិនត្រឹមត្រូវ ខណៈផលិតផលទាំងអស់នោះគឺ សុទ្ធតែជាផលិតផលក្លែងក្លាយ ទង្វើរបស់ម្ចាស់ហាងឈ្មោះ ខេង ពិទូពុធធីតា ដែលជាម្ចាស់ហាងម៉ូដ ស្ទ័រ ធ្វើខូចតម្លៃកិត្តិយស ចំពោះអាជីវករអ្នកស៊ីនាំចូលស្របច្បាប់ ដែលនាំឲ្យអតិថិជនបាត់បង់ជំនឿចិត្តដល់អ្នករកស៊ីត្រឹមត្រូវ ៕
0 Comments