គេហទំព័រ មួយរៀល

ពីរនាក់ប្តីប្រពន្ធស្លាប់ក្នុងអគ្គីភ័យឆេះផ្ទះមួយកន្លែងនៅខណ្ឌកំបូល




រាជធានីភ្នំពេញ៖ ប្ដីប្រពន្ធវ័យចំណាស់ពីរនាក់ ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះក្នុងផ្ទះ ។ 


ករណីគ្រោះអគ្គិភ័យបណ្ដាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ​ក្នុង​បុរី​គឹម​សាន្ត ភូមិ​តា​កេ​រ្តិ៏ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ ។


សមត្ថកិច្ច​ឲ្យ​ដឹងថា​ ម្ចាស់ផ្ទះ​ជា​ប្តី​មានឈ្មោះ សុផល អាយុ​៦០​ឆ្នាំ​ជាង ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការ រីឯ​ប្រពន្ធ​មានឈ្មោះ​ សុខខុម​ អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​ ។


ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ មាន​អណ្ដាតភ្លើង​ឆេះ​ចេញពី​ក្នុងផ្ទះ​ លាយ​លំ​ជាមួយផ្សែង​ហ៊ុយ​ និង​ ឮ​សំឡេងម្ចាស់ផ្ទះ​ស្រែក​ឲ្យ​គេ​ជួយ​ផង​ភ្លើង​ឆេះ​ផ្ទះខ្ញុំ​ហើយ ។ 


ភ្លាមនោះ​ប្រជាពល​រដ្ឋ​ដែលមាន​ផ្ទះ​នៅ​ជិត​នោះ បាន​នាំគ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ មកជួយ​បាញ់​ពន្លត់​តែ​មិន​រលត់ ក៏បាន​រា​ការណ៍​ទៅ​សមត្ថកិច្ច​ ឲ្យ​ចេញ​រថយន្ត​មក​បាញ់​ជួយ​ពន្លត់​ និង ​ជួយសង្គ្រោះ​ម្ចាស់ផ្ទះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ តែ​ជាអកុសលជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ជា​បន្តបន្ទាប់ ។


បើតាម​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា គ្រោះ​អគ្គីភ័យ​នេះ​ផ្ដើម​ចេញពី​ឆ្លង​ចរន្ត​អគ្គិសនី ព្រមទាំងឆេះ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះទាំងស្រុង ៕

Post a Comment

0 Comments