ខេត្តកំពង់ចាម៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធការរំលោភសេពសន្ថវៈរួចសម្លាប់ក្មេងស្រីសិស្សសាលាដែលទើបតែអាយុ១៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងព្រៃចម្ការមួយកន្លែងក្រោយរដ្ឋមណ្ឌលសាសនា ភូមិប៉ាតាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា សកម្មភាពរំលោភសេពសន្ថវៈរួចសម្លាប់នេះ គឺបានកើតឡើង កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចម្ការពោតមួយកន្លែងស្ថិតនៅឃុំចម្ការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឌីម អេងជូ ភេទស្រី អាយុ១៦ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ម៉ាប់កម្សត់ ហៅតាលាន អាយុ១៦ឆ្នាំនិងរស់នៅភូមិជាមួយនឹងជនរងគ្រោះតែម្ដង ។
បើតាមសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាព រំលោភសេពសន្ថវៈរួចសម្លាប់ជនរងគ្រោះ រួចក៏បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅលក់នៅភ្នំពេញបានចំនួន២០ម៉ឺនរៀលរួចយកទៅទិញខោអាវហើយជិះមកស្រុកកំណើតវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈនិងសម្លាប់ជនរងគ្រោះពិតប្រាកដមែន ។
មាត្រា២០៥នៃក្រមព្រហ្មទណ្ឌ បានចែងថា ឃាតកម្មដែលកើតក្នុងពេលឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅឬអំពើរំលោភសេពសន្ថវៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
ដូច្នេះមានន័យថា ប្រសិនបើតុលាការរកឃើញថាជនសង្ស័យពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែននោះ ជនសង្ស័យរូបនេះនឹងប្រឈមទោសជាប់ពន្ធនាគារអស់មួយជីវិត ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសាកសួរតាមនីតិវិធីមុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
0 Comments