រាជធានីភ្នំពេញ៖ សំណង់ដែលទើបសាងសង់ជិតរួចរាល់មួយកន្លែងក្បែរមន្ទីរពេទ្យលោកសង្ឃ ត្រូវបានមហាជនសង្ស័យថាគ្មានច្បាប់អនុញ្ញាតនិងរំលោភលើចំណីផ្លូវ ដែលស្ថិតនៅផ្លូវ២៦៥កែងនឹងផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នាថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ គេហទំព័រ មួយរៀល បានឆាតសួរឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកថ្មី អំពីបញ្ហាខាងលើនេះ ឯកឧត្តមបានមានប្រសាសន៍ឆ្លើយតបថា ( ចុះឃាត់រួចហើយ ពិនិត្យមើលច្បាប់ និងអោយភូមិបាលចុះវាស់វែងអោយបានត្រឹមត្រូវ ) ។
ប្រភពបានប្រាប់ឱ្យដឹងថា ចំណុចសំណង់រឹងថ្មីខាងលើជាដីក្នុងរបង ដែលពីមុនសាងសងជាហាងគុយទាវកាហ្វេ ស្រាប់តែមកដល់មានមេរោគកូវិដ១៩ផ្ទុះឡើង ការងាររកស៊ីផ្សេងៗ ត្រូវបានផ្អាក ដើម្បីចូលរួមទប់ស្កាត់និងការពារការរីករាលដាលឆ្លងកាន់តែខ្លាំងក្នុងសង្គម ។ តែអ្វីដែលប្លែកនោះគឺដីក្នុងរបងហាងគុយទាវកាហ្វេនេះបានប្រែទៅជាសំណង់រឹងយ៉ាងលឿន ហ៊ាក់ដូចជាឆ្លៀតឱកាសត្រីងៀតឆ្លៀតពងក្នុងរដូវធ្លាក់ខ្យល់ ។
ស្របពេលដែលសម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ( បទបញ្ជាឱ្យទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះជនខិលខូចដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង ) និង ( មន្ត្រីខិលខូចទាំងអស់ចេញខ្លួនមកសារភាពជាបន្ទាន់! ត្រូវដកហូត និងរឹបអូសទ្រព្យដែលបានដោយខុសច្បាប់មកវិញទាំងអស់! ) ។
យោងតាមច្បាប់ស្តីពីសំណង់ ជំពូកទី១០ ការគ្រប់គ្រងកាសាងសង់ឬរុះរើ មាត្រា៤២៖ ក្នុងករណីចាំបាច់ដើម្បីធានាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរមានសមត្ថកិច្ច អាចចាត់តាំងមន្ត្រីត្រួតពិនិត្យសំណង់ដើម្បីត្រួតពិនិត្យការងារសាងសង់ឬរុះរើ ។ ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ បុគ្គលដែលពាក់ព័ន្ធការងារសាងសង់ រាប់បញ្ចូលទាំងអ្នកអភិវឌ្ឍ អចលនវត្ថុអ្នកសាងសង់ និងអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវផ្តល់កិច្ចសហការដល់មន្ត្រីត្រួតពិនិត្យសំណង់ ។ អាជ្ញាធរមានសមត្ថកិច្ចអាចសម្រេចផ្អាក កែតម្រូវ បញ្ឈប់ តម្រូវឱ្យរុះរើ ឬចាត់វិធានការចាំបាច់ផ្សេងទៀត ក្នុងករណី រកឃើញថាការងារសាងសង់ឬរុះរើមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និង បទប្បញ្ញត្តិជាធរមានដ៏ទៃទៀត ។
ពលរដ្ឋសង្ឃឹមដូចពាក្យស្លោកថា ( មន្ត្រីជាអ្នកបំរើរាស្ត្រដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយនាយនោះទេ ) ដើម្បីអភិវឌ្ឍសង្គមជាតិក្រោមដំបូលសុខសន្តិភាព ៕
0 Comments