Muyreal -News

Muyreal -News
Muyreal -News

ចាប់បានហើយឃាតក ដែលសម្លាប់មន្ដ្រីរដ្ឋបាលព្រៃឈើ នៅស្រុកវាលវែង គឺជាកូនឈ្នួលរបស់ជនរងគ្រោះ



ខេត្តពោធិ៍សាត់៖ ពិតជាឈាមស្រែកស្បែកហៅមែននៅទីបំផុតឃាតកវ័យក្មេង ដែលកាប់សម្លាប់មន្ដ្រីរដ្ឋបាលព្រៃឈើប្រម៉ោយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាលខេត្តពោធិ៍សាត់ ស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយពីរត់គេចខ្លួនបានប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើសកម្មភាព។


លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបាននៅព្រឹកមិញនវ នៅចំណុចវត្តកែវឧត្តម ហៅវត្តកណ្ដាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ជនដៃដល់ឈ្មោះ រឿន រ៉ូ អាយុ១៥ឆ្នាំ ជាកូនឈ្នួលរស់នៅជាមួយជនរងគ្រោះ។


សូមជម្រាបថា បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីរដ្ឋបាលព្រៃឈើប្រម៉ោយ ឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានជនសង្ស័យឈ្មោះ រឿន រ៉ូ ភេទប្រុស ជាឈ្មួលរស់នៅធ្វើការជាមួយជនរងគ្រោះ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមលើគ្រែ នៅស្នាក់ការរដ្ឋបាលព្រៃឈើប្រម៉ោយត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។


បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានប្រមែលប្រមូលសម្ភារៈ ដែលក្នុងនោះរួមមាន៖ ម៉ូតូ Honda Dream C125 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខពោធិ៍សាត់ 1I-9761, ទូរស័ព្ទដៃ iPhone ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់ រត់គេចខ្លួនបាត់ស្រមោល 


ប៉ុន្ដែដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃនេះ។


បច្ចុប្បន្នសមត្ថកិច្ច បាននិងកំពុងនាំខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕


Post a Comment

0 Comments