វេលាម៉ោង០៥ និង៣០នាទី បុរសម្នាក់ ជាម្ចាស់មេន បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍លិចទូកដ វត្តទួលស្លែង នៅភូមិទូលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ហេតុការណ៍លិចទូកនេះ កើតឡើងតាំងពីព្រឹកថ្ងៃទី២៦ វិច្ឆិកា ២០២១នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ។
ជនរងគ្រោះមានឈ្មោះ គីម ស៊ឹង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរជាអ្នកសាងសង់ម៉េនសម្រាប់បូជាសព ។
មុនកើតហេតុ មានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-3530 ដឹកសម្ភារៈសម្រាប់បូជាសពបើកឆ្លងទូក.ដ វត្តទួលស្លែង មានទិសដៅពីត្រើយខាងជើង ទៅត្រើយខាងត្បូង ភូមិត្រឡោកបែកទៅភូមិទួលស្លែង ខណៈកំពុងតែឆ្លងមកជិតដល់ត្រើយខាងត្បូង ក៏មានខ្យល់បោកបក់ខ្លាំងរេទូកដ ទៅទិសខាងលិចបណ្ដាលឲ្យក្រឡាប់លិចទូកនិងរថយន្តតែម្តង ។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង ដោយមិនស្ដាប់តាមការណែនាំរបស់អ្នកបើកទូកដ ឲ្យរុះរើសម្ភារៈចុះខ្លះព្រោះពេលចម្លងខ្លាចក្រែងមានឧបសគ្គ តែជនរងគ្រោះមិនស្ដាប់ហើយចចេសមិនធ្វើតាម ដោយថាខ្លួនប្រញាប់ទៅរៀបចំសង់ម៉េនបូជាសពអ្នកដទៃទៀត ។
ដោយអ្នកបើកបររថយន្តបង្ខំពេក ទើបអ្នកបើកទូកដរចម្លង បន្តដំណើររហូតដល់ត្រើយម្ខាងទៀតស្រាប់តែមានខ្យល់បោកបក់ខ្លាំងរេលិចទាំងទូក និងអ្នកបើកបររថយន្តក្នុងទឹកស្ទឹងតែម្តង៕
0 Comments