(ខេត្តកំពត)៖ តាមប្រភពពីសមត្ថកិច្ចចរាចរណ៍ខេត្ត បានឲ្យដឹងថា មានករណីគ្រោះចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣កំពត វាលរេញ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកត្នោត ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៧- ១៧៨ ស្ថិតក្នុងភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដែលបង្កឡើងដោយរថយន្តម៉ាកតូយូតាហ្វតធូន័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE 2988 បើកបរដោយជនជាតិចិន ក្នុងទិសដៅផ្ទុយគ្នា។
ប្រភពបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ្វតធូន័រ ពណ៌ស មួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដោយមិនដឹងថា ជាមានបញ្ហាអ្វី ក៏បានរេចង្កូតទៅបុកម៉ូតូម៉ាកហុងដា ចំនួនពីរគ្រឿងដែលមានទិសដៅផ្ទុយគ្នាពីលិចទៅកើត បណ្តាលឲ្យមនុស្សស្រី២នាក់ ដែលម្នាក់ជាអ្នកបើកបរម៉ូតូនិងម្នាក់ទៀតជាអ្នករួមដំណើរបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ប្រភពដដែលបន្តថា រីឯម៉ូតូហុងដាមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរបាក់ជើងខាងស្តាំផងដែរហើយត្រូវបានសមត្ថកិច្ចដឹកយកទៅសង្កោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកបើកបរជាជនជាតិចិនខាងលើនេះ មានឈ្មោះ Liu Wie ភេទប្រុស អាយុ៣១ឆ្នាំ មិនមានរងរបួសទេ។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ ១D-៧០៥៥ ខូចខាតធ្ងន់ បើកបរដោយជនរងគ្រោះឈ្មោះ ណុប សំបូរ ភេទស្រី រស់នៅភូមិបុសញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់ ភេទស្រី ក៏ស្លាប់នៅកន្លែងកើតហេតុដែរ ហើយសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពដដែលបន្តទៀតថា ចំណែកម៉ូតូរងគ្រោះ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ផ្លាកលេខកំពត១G-៦៧០៤ ខូចខាតធ្ងន់ បើកបរដោយឈ្មោះ ឯម សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរលួស សង្កាត់បឹងទូក រងរបួសធ្ងន់បាក់ជើងស្ដាំ ត្រូវបានសមត្ថកិច្ចយើងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ក្រោយពេលកើតហេតុ សាកសពនារីរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង (រថយន្ត និង ម៉ូតូ) ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅប៉ុស្តិ៍សង្កាត់ព្រែកត្នោត ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ជូនគ្រួសារជនរងគ្រោះនៅពេលក្រោយ៕
0 Comments