អួតខ្លួនថាជាអ្នកខ្លាំង រួចដកកាំភ្លើងខ្លីពីចង្កេះអាមេបញ្ចូលគ្រាប់ ភ្ជង់គេឯងពេញហាង ធ្វើឲ្យភ្ញៀវផ្សេងទៀតរត់ចែកជើងគ្នាប្រសាចពេញផ្លូវ



ភ្នំពេញ​៖ បុរស​២នាក់​បានចូល​ហាង​ផឹកស៊ី យីហោ​ វីហ្រេន​ V-Friend ស្រាប់តែ​ស្រវឹងស្រឿងៗ​ ដក​កាំភ្លើងសំញ៉ែងគេឯង​ពេញ​ក្នុង​ហាង​ ត្រូវ​បាន​ភ្ញៀវ​ដែល​ចូល​ទៅ​ផឹក​ស៊ី​ផ្សេង​ទៀត​ រាយការណ៍​ជូន​សមត្ថកិច្ចនគរបាល​ខណ្ឌ​ចំការ​មន ចុះ​ទៅ​ឃាត់​ខ្លួន​យក​ទៅ​ធ្វើ​ការ​សួរនាំ​ កាលពី​វេលា​ម៉ោង​១២​:​៣៥នាទីយប់​ ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ នៅចំនុច​ផ្លូវ​៤៧៤​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​។


តាមប្រភពសន្តិសុខដែលយាមម៉ូតូឡានបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានរួមដំណើរជាមួយបុរសម្នាក់ទៀត ជិះរថយន្តឡិចស៊ីស LEXUS NX300 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7125 បានចូលក្នុងហាង ទាំងសភាពស្រវឹងស្រារួចទៅហើយ ដើម្បីផឹកស៊ីបន្តទៀត មិនទាន់បានប៉ុន្មានផង ក៏ស្រែកអួតអាងក្ដែងៗថា គ្មានអ្នកខ្លាំងជាងខ្លួន រួចដកកាំភ្លើងខ្លីពីចង្កេះអាមេបញ្ចូលគ្រាប់ រួចភ្ជង់គេឯងពេញហាង ខណៈភ្ញៀងកំពុងតែផឹកស៊ីទទួលទានឆ្ងាញ់ៗបានរត់ចែកជើងគ្នាប្រសាចពេញផ្លូវ ទើបផ្អើលដល់សមត្ថកិច្ច ។


បច្ចុប្បន្នបុរសដែលដកកាំភ្លើងភ្ជង់គេឯងនោះ ត្រូវបានសមត្ថកិច្ចសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនបន្តតាមនិតិវិធីនៃច្បាប់។


ទោះបីជាយ៉ាងណាក៏ដោយ មហាជនបាននៅរងចាំមើលការអនុវត្តច្បាប់និងបានស្នើសុំឱ្យសមត្ថកិច្ចជួយធ្វើការឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ផង ជៀសវាងមានគេកាងឬប្រើវប្បធម៌អន្តរាគមន៍ដោះលែងជនខិលខូចខាងលើនេះ៕

Post a Comment

0 Comments