បុរសជនជាតិចិនម្នាក់បើករថយន្តមិនប្រយ័ត្ន ប៉ះនិងម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល.!



ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ២គ្រឿង បុកប៉ះគ្នា បណ្តាលមនុស្ស៣នាក់រងរបួស នៅវេលាម៉ោង០៣កន្លះ រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ តាមបណ្តោយផ្លូវចំណោតអូរត្រេះ ស្ថិតក្នុងភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាក LAND CRUISER ពណ៌សរ ពាក់ស្លាកលេខ កណ្តាល2C-9992 បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានមិត្តភក្តរួមដំណើរម្នាក់ទៀត ដោយបើកបរក្នុងល្បឿនលៀន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបត់ឆ្វេងមិនប្រយ័ត្ន ក៏បណ្តាលឲ្យម៉ូតូ២គ្រឿងទៀត បើកបរស្របទិសគ្នា បុកចំពាក់កណ្តាលខ្លួនរថយន្តតែម្តង ។ 

ភ្លាមៗនោះ បណ្តាលមានមនុស្សប្រុសស្រីចំនួន៣នាក់រងរបួស ដែលជាអ្នកបើកបរម៉ូតូ ម៉ូតូទាំង២គ្រឿងរួមមាន ១ម៉ាកHonda Dream សេរីឆ្នាំ២០២១ កំពត 1S-1418 ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាកHonda Dream សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្ត និងវត្ថុតាងទាំងពីរ ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ យកទៅរក្សាទុករងចាំការដោះស្រាយតាមនីតិវិធី ៕

Post a Comment

0 Comments