តាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពាក្យថា "កឋិន" មានន័យថាសំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ ១ រោចខែអស្សុជដល់ថ្ងៃ ១៥ កើតខែកត្តិក ន័យមួយទៀតគឺ ក្រណាត់ សំពត់ដែលភិក្ខុសង្ឃសហការគ្នាធ្វើឲ្យបានសម្រេចក្នុងថ្ងៃដែលកំណត់។
ក្នុងសម័យពុទ្ធកាល មានភិក្ខុធុតង្គ៣០អង្គដែលគង់អាស្រ័យនៅក្នុងដែនបាឋា នាក្រុងសាកេតបានស្រុះស្រួលមូលមតិគ្នាធ្វេីដំណេីរទៅក្រាបថ្វាយបង្គំអង្គព្រះដ៏មានព្រះភាគដែលគង់នៅក្នុងវត្តជេតពនជាអារាមរបស់អានាថបិណ្ឌិកសេដ្ឋី។ លុះតែធ្វេីដំណេីរដល់ត្រឹមពាក់កណ្តាលផ្លូវក៏ត្រូវនឹងកាលវេលាចូលវស្សា ទេីបភិក្ខុទាំងសាមសិបរូបនោះគង់ចាំព្រះវស្សាទាំងកន្ទក់កន្ទេញក្នុងទីអាវាសនោះទៅ។
ត្រាតែគង់ចាំវស្សាអស់ជាគម្រប់ត្រីមាសហេីយទេីបបវារណាចេញព្រះវស្សាគ្រប់អង្គរួចក៏ធ្វេីដំណេីរបន្តទាំងលំបាកលំបិនក្រៃលែង ព្រោះជាពេលវស្សានរដូវភ្លៀងធ្លាក់ជោគជាំ ទទឹកជោគជាំនូវបរិក្ខារដែលមានជាប់នឹងព្រះកាយ។ ធ្វេីដំណេីរលុះតែដល់វត្តជេតពនហេីយក៏ចូលទៅក្រាបគារវ:ចំពោះអង្គព្រះដ៏មានព្រះភាគ ទេីបព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរទៅភិក្ខុទាំងសាមសិបរូបនោះថា៖
ព្រះដ៏មានព្រះភាគ: ម្នាលអ្នកទាំងឡាយ តេីអ្នកទាំងឡាយល្មមអត់ធន់ ស៊ូទ្រាំបានទេ?
ភិក្ខុ: បពិត្រព្រះដ៏មានព្រះភាគ ទូលព្រះបង្គំទ្រាំបានចំពោះទុក្ខដែលកេីតក្នុងឧបាទានខន្ធទាំងប្រាំ។
ព្រះដ៏មានព្រះភាគ: ម្នាលភិក្ខុទាំងឡាយ តេីអ្នកប្រព្រឹត្តទៅបានទេ?
ភិក្ខុ: បពិត្រព្រះដ៏មានព្រះភាគ ព្រះករុណាខ្ញុំទ្រាំបាននូវការប្រព្រឹត្តិនូវធម៌វិន័យ។
ព្រះដ៏មានព្រះភាគ: ម្នាលភិក្ខុទាំងឡាយ តេីអ្នកទាំងឡាយសាមគ្គីគ្នាល្អទេ?
ភិក្ខុ: បពិត្រព្រះអង្គ ពួកទូលព្រះបង្គំស្រុះស្រួល ស្រលាញ់ស្និទ្ធស្នាលគ្នាល្អណាស់ ។
ព្រះដ៏មានព្រះភាគ: ម្នាលភិក្ខុទាំងឡាយ តេីអ្នកទាំងឡាយស្នាក់នៅកន្លែងនោះមានចង្ហាន់ល្មមបានទេ?
ភិក្ខុ: បពិត្រព្រះអង្គ ចង្ហាន់បិណ្ឌបាត្រក៏ល្មមនឹងញ៊ាំងអត្ថភាពឱ្យប្រព្រឹត្តទៅបានសមគួរ។
នោះទេីបភិក្ខុទាំងសាមសិបរូបទូលប្រាប់អំពីការធ្វេីដំណេីរមកជួបព្រះដ៏មានព្រះភាគ និងត្រូវឈប់ចាំព្រះវស្សាកណ្តាលផ្លូវក៏ដូចជាទូលប្រាប់ពីផលវិបាកក្នុងការធ្វេីដំណេីរ ជួបភ្លៀងខ្យល់ ភក់ជ្រាំ ជាហេតុអោយបានជាប្រឡាក់ប្រឡូស សេីមអស់នូវបរិក្ខាទាំងឡាយក្នុងវេលាគ្រានេះឯង។
លំដាប់នោះ ព្រះសម្មាសម្ពុទ្ធសម្ដែងនូវធម្មកថាប្រារព្ធអំពីសង្សារវដ្ដមិនមានទីបំផុតប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងឡាយនោះបានសម្រេចព្រះអរហត្តផលគ្រប់ៗអង្គរួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធចៀសចេញទៅ។
តមកទៀតទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយរួចហើយ ទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយថា “អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“ ប្រែថា “ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិនបាន ម្នាលភិក្ខុទាំងឡាយអានិសង្ស៥ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលជាអ្នកបានក្រាលគ្រង និងបានអនុមោទនាកឋិនរួចហើយនោះ” ឯង៕
អត្ថបទដកស្រង់និងកែសម្រួលដោយ៖ សាមណេរ លី
រូបភាព ៖ ថៃ សាន & ប៊ូ ម៉េងយូ
0 Comments