Are you Ok? ចេញមកផ្ទុះខ្លាំងណាស់។ វាបានផ្ទុះមិនត្រឹមក្នុងស្រុកទេ តែដល់ក្រៅស្រុកផងដែរ។ អាចរាប់ថា ជារឿងកម្រមួយ។
តែបទនេះមានពាក្យពេចន៍ ការស្លៀកពាក់ ឈុតឆាកសម្តែង នាំឱ្យទោមនស្សសម្រាប់អ្នកស្រឡាញ់វប្បធម៌។
និយាយសិល្បៈចម្រៀងនេះ កូរ៉េខាងត្បូង គឺល្បាញល្បី ហើយកក្រើកពាសពេញពិភពលោក។
តាមរយៈអំណាចសិល្បៈនេះ កូរ៉េខាងត្បូង បានទាញយុវវ័យពាសពេញពិភពលោកស្គាល់តារាកូរ៉េ តុបតែងខ្លួនតាម ស្លៀកពាក់តាម ដែលជាចំណែកនាំដល់ការចម្រើនផ្នែកពាណិជ្ជកម្មរបស់កូរ៉េ។
ងាកមក Are You Ok? គេអាចយល់ពីអារម្មណ៍ក្រុមអ្នកផលិត គឺចង់ទាញការចាប់អារម្មណ៍ពីយុវវ័យលើពិភពជាអ្នកស្តាប់។ និយាយដល់យុវវ័យនេះ គឺស្ទើរគ្រប់ជាតិសាស្ត្រលើពិភពលោកទៅហើយ អាចថាពួកគឺស្ថិតក្នុងវ័យចម្រើនលូតលាស់រូបរាងកាយ និងចំណង់ចំណូលចិត្ត ចង់ឃើញ ចង់បានអ្វីថ្មីៗ និងប្លែកៗ។
សម្រាប់បទចម្រៀងនេះ យុវវ័យខ្មែរខ្លះស្គាល់បទកូរ៉េ ចង់ច្បាស់ជាងបទខ្មែរទៅទៀត។ នេះជារបត់ និងការវិវឌ្ឍនៃចំណង់ចំណូលចិត្តរបស់មនុស្សតាមវ័យតាមកាល ដែលយើងពិបាកនឹងតម្រូវ ឬបង្ខំ។ មិនខុសអីពីមនុស្សចាស់ចូលចិត្តបទលោកតា ស៊ិនស៊ី សាមុត តែក្មេងៗប្រហែលពីបាកទទួលយក។
និយាយដល់អត្ថន័យក្នុងបទចម្រៀង Are You Ok វិញ អ្នកនិពន្ធបានផ្តើមដោយប្រយោគ ជាការសម្តែងនូវចរិតប្រុសព្រាន ដែលជាចរិតយុវវ័យមួយចំនួនក្នុងសង្គមបច្ចុប្បន្ន។ តែពាក្យពេចន៍បង្កប់ន័យជ្រៅបន្តិច។ តែទោះយ៉ាងណា ចរិតប្រុសព្រាននោះ ក៏ត្រូវបានបដិសេធ និងតបទៅវិញ ដោយការបកស្រាយក្នុងអត្ថន័យចម្រៀងនៅប្រយោគបន្តបន្ទាប់។
ចម្រៀងនេះបានបង្ហាញនូវទំនាស់រវាងមនុស្សពីក្រុម គឺក្រុមមនុស្សវ័យខ្ពស់ និងយុវវ័យ ហើយក៏ទំនាស់ជាមួយអ្នកស្រឡាញ់ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយវប្បធម៌ ប្រពៃណីខ្មែរ។ វប្បធម៌ខ្មែរ គឺត្រូវតែរម្យទម សុភាពរាបសា ជាពិសេសនារីហ្នឹងតែម្តង។ ដូច្នេះ Are You Ok? គឺមិនអាចរលាយធាតុជ្រាតចូលអារម្មណ៍ពួកគាត់ឡើយ។
តែយុវវ័យ គេចាត់ទុកបទនេះ មានគំនិតកែច្នៃខ្ពស់ សាច់ភ្លេងបូកកន្ត្រាក់ខ្លាំង គឺជ្រាតសព្វសាច់សោទិន្ទ្រីរម្មណ៍តែម្តង។
ឥលូវមកជជែករឿងវប្បធម៌បែបប្រពៃណី និងបែបសម័យទំនើបវិញម្តង។ តើយើងគួរធ្វើយ៉ាងណា ចំពោះបែបបទទាំងពីរនេះ?
បើនិយាយពីសិល្បៈចម្រៀងនេះ ខ្ញុំអាចរាប់ថា ជាអ្នកមិនសូវចូលចិត្តបែបញ៉ាក់កន្ត្រាក់អារម្មណ៍ ស្តាប់បានទម្រង់សុភាពៗ ជាពិសេសលោកតា ស៊ិនស៊ី សាមុត ហើយខ្ញុំក៏តែងមានអារម្មណ៍មិនសូវពេញចិត្ត ចំពោះចម្រៀងសម័យទំនើបនេះខ្លះ ដែលមិនបានរក្សាទម្រង់សិល្បៈដើម ពាក្យពេចន៍ខ្លះមិនយល់ន័យ។
បើទោះបីចំណង់ចំណូលចិត្តយើងបែបនេះ តែយើងក៏មិនអាចទាញអ្នកដទៃឱ្យមកចូលចិត្តដូចយើង។ ជាក់ស្តែងក្នុងផ្ទះខ្ញុំ ដ្បិតខ្ញុំចូលចិត្តលោកតា ស៊ិនស៊ី សាមុត តែកូនតូចខ្ញុំពីរនាក់គេចូលចិត្តស្តាប់បទបរទេស។
តើខ្ញុំត្រូវទាញកូនខ្ញុំឱ្យស្តាប់ដូចខ្ញុំ? ទេ! ខ្ញុំមិនអាចបង្ខំកូនឱ្យមកចូលចិត្តដូចខ្ញុំបានឡើយ ព្រោះចំណង់ចំណូលចិត្តមនុស្សមិនដូចគ្នា ហើយបើបង្ខំពួកគេវាក្លាយជាសម្ពាធអារម្មណ៍។ ខ្ញុំក៏យល់ពីអារម្មណ៍ដែលត្រូវបង្ខំឱ្យធ្វើ ឬទទួលអ្វីមួយ គឺមិនស្រួលឡើយ។ ដូច្នេះមានតែឱ្យពួកទទួលយកចម្រៀងជាចណង់ចំណូលចិត្តរបស់ពួកគេ។ តែខ្ញុំក៏បន្ស៉ាំពួកគេ ដោយឧស្សាហ៍ចាក់បទលោកតា ស៊ិនស៊ី សាមុត ឱ្យពួកគេឮផងដែរ។ ខ្ញុំក៏ជឿថា ពួកគេគង់ដល់វ័យស្តាប់ចម្រៀងលោកតា ស៊ិនស៊ី សាមុត ពិរោះផងដែរ។
ដូច្នេះរវាងបទចម្រៀងទម្រង់ដើម និងទម្រង់បែបទំនើបនេះ ត្រូវតែសំយោគគ្នាហើយ។ បែបទម្រង់ដើម ក៏ត្រូវរក្សា ទម្រង់ទំនើបក៏ត្រូវផលិត ដើម្បីបំពេញអារម្មណ៍អ្នកស្តាប់ អ្នកទស្សនា ហើយអាចបញ្ជ្រៀតទៅក្រៅផង។ តែទម្រង់ទំនើបក៏ត្រូវធ្វើយ៉ាងណា កុំប្រាស់ចាកឆ្ងាយពេកពីសីលធម៌ វប្បធម៌ប្រពៃណីខ្មែរយើង ហើយក៏មិនអាចចង្អៀតចង្អល់រហូតក្រិននោះដែរ៕
0 Comments