ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថា ប្រុសស្រីក្មេងចាស់ជាង៣០នាក់ ក្នុងមូលដ្ឋានខណ្ឌ នៅតំបន់វត្តកោះ ផ្សាររាត្រី និងសូរិយាមក ដើម្បីធ្វើសំណាកតេស្តរហ៍ស រួចមានអ្នកវិជ្ជមាន covid-19 ម្នាក់បញ្ជូនខ្លួនទៅព្យាបាល និងអ្នកលទ្ធផលអវិជ្ជមានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះប្រមូលជនអនាថា នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានការណែនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចាត់ឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះប្រមូលជនអនាថាបានសរុប ចំនួន៣១នាក់ ក្នុងនោះរួមមាន មនុស្សចាស់ ២៧នាក់ ស្រី១៣នាក់ និងក្មេង៤នាក់។
តាមប្រភពព័ត៌មានមន្រ្តីសាលាខណ្ឌដូនពេញបានឲ្យដឹងថា កន្លងមកអាជ្ញាធរខណ្ឌតែងតែចុះប្រមូលជាញឹកញាប់ដែរ តែនៅតែមានជនអនាថាជាហូរហែ មកដេកសម្រាកនៅតាមចិញ្ជើមផ្លូវ តាមវត្ត ជាដើម-ល-។ រហូតដល់ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តចុះប្រមូលជនអនាថា បានចំនួន៣១នាក់ យកមកទុកនៅកន្លែងក្បែរសាលាខណ្ឌដូនពេញ ដើម្បីរកចាំមន្រ្តីជំនាញសុខាភិបាល មកធ្វើសំណាក់ ក្រោយធ្វើសំណាករួច រកឃើញមានស្ត្រីម្នាក់លទ្ធផល វិជ្ជមានcovid 19 ត្រូវបានបញ្ជូនទៅព្យាបាល ចំណែកអ្នកផ្សេងទៀតទាំងចាស់ទាំងក្មេងលទ្ធផល អវិជ្ជមានត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
ជាចុងក្រោយអាជ្ញាធរខណ្ឌដូនពេញ សំណូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និង ៣កុំ ៣ការពារ ប្រសាសន៍របស់ប្រមុខដឹកនាំ ដើម្បីចូលរួមបង្ការទប់ស្កាត់ កាត់ផ្ដាច់ជម្ងឺ Covid-19 ឲ្យជោគជ័យក្នុងសហគមន៍យើងទាំងអស់គ្នា៕
0 Comments